2025-09-17 10:50
8

បាត់ដំបង៖ ក្រោយពីផ្ទុះរឿងមិនប្រក្រតីក្នុងការសាងសង់ដេប៉ូប្រេងឥន្ធនៈមួយកន្លែង របស់បុគ្គល ឡូវ ពៅ មានទីតាំក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបានសារព័ត៌មានជាច្រើនអង្គភាពចុះផ្សាយ និងរាយការណ៍អំពីករណីនេះ ទើបនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ចៅហ្វាយស្រុកគាស់ក្រឡ បញ្ជាឱ្យកូនចៅចុះទៅពិនិត្យមើលយ៉ាងតក់ក្រហល់ រកឃើញថាការសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ និងលើដីរបស់ក្រុមហ៊ុនចិនកំពុងមានទំនាស់ដោះស្រាយមិនទាន់ដាច់ស្រាច់នៅឡើយ។

ក្រោយការណ៍ពិនិត្យឃើញថា ម្ចាស់ដេប៉ូប្រេងឥន្ធនៈសាងសង់ចូលលើដីចំណីផ្លូវសាធារណៈ អាជ្ញាធរស្រុកគាស់ក្រឡ បានណែនាំ និងហាមឃាត់ម្ចាស់ទីតាំងសាងសង់ដេប៉ូប្រេងឥន្ធនៈរុះរើចេញ និងផ្អាកការសាងសង់ ប៉ុន្តែមហាជនរងចាំមើលថា ចំណាត់ការរបស់អាជ្ញាធរស្រុកមានប្រសិទ្ធភាពឬអត់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា លោក ញ៉ឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានចាត់ឱ្យលោក ច្រែង សុជាតិ  និងលោក ឆេង ស៊ីវុត្ថា អភិបាលរងស្រុក ដឹកនាំក្រុមការងារស្រុក ដើម្បីចូលរួមសហការជាមួយមេឃុំដូនបា និងនរគបាប៉ុស្តិ៍ ចុះពិនិត្យការសាងសង់ដេប៉ូប្រេងឥន្ធនៈ ស្ថិតនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ជាលទ្ធផលក្រុមការងាររដ្ឋបាលស្រុក ចុះពិនិត្យជាក់ស្តែងឃើញសាងសង់លើចំណីផ្លូវចូលប្រវែង ១០ ម៉ែត្រ ពិតប្រាកដមែន ក្រោយពីមានការណែនាំ និងសម្របសម្រួលពីរដ្ឋបាលស្រុក ម្ចាស់សំណង់ពាក់ព័ន្ធបានព្រមព្រៀងរុះរើសំណង់ និងបញ្ឈប់សាងសង់បន្តទៀត។

សូមជម្រាបថា ដេប៉េប្រេងឥន្ធនៈខាងលើ តាមការអះអាងអ្នកមើលការសាងសង់ និងលោក ចិន សំអន មេឃុំដូនបា ថាជារបស់លោក ឡូវ ពៅ រស់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ចំពោះអ្នកមើលការសាងសង់បានបញ្ជាក់ថា មានច្បាប់ ឬគ្មានច្បាប់ខ្លួនមិនដឹងទេ ទាល់តែសួរទៅលោក ឡូវ ពៅ ជាបងប្រុសរបស់ខ្លួន ប៉ុន្តែលោក ឡូវ ពៅ បដិសេធថា មិនមែនជារបស់ខ្លួននោះទេ មើលច្បាប់ដាក់ឈ្មោះអ្នកណា ក្រែងរបស់ប្អូនគាត់ទេដឹង។

ពាក់ព័ន្ធការសាងសង់ដេប៉េប្រេងឥន្ធនៈ រំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋ និងលើដីកំពុងមានទំនាស់ជាមួយក្រុមហ៊ុនចិន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀលនេះ លោក ចិន សំអន មេឃុំដូន បានប្រាប់កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងមកថា ការសាងសង់នេះ គឺអត់មានច្បាប់ទេ ហើយលោក ឡូវ ពៅ បានទូរសព្ទមកប្រាប់លោកដែរថា មានគេចុះទៅហាមឃាត់ (តំណាងក្រុមហ៊ុន) ហើយឱ្យប្រាប់ឱ្យផ្អានសិនទៅ ប៉ុន្តែគេមិនស្តាប់ចាំលោកមានពេលទំនេនឹងចុះទៅមើល។

ចំពោះវិធានការរបស់អាជ្ញាធរស្រុកគាស់ក្រឡ តម្រូវឱ្យម្ចាស់សំណង់ដេប៉េប្រេងឥន្ធនៈរុះរើ និងបញ្ឈប់ការសាងសង់នេះ មានប្រសិទ្ធភាព ឬគ្មានប្រសិទ្ធភាព មហាជនកំពុងរងចាំមើល ព្រោះកន្លងមកសំណង់អនាធិតេយ្យដែលសាងសង់លើដីទំនាស់របស់ក្រុមហ៊ុនអាជ្ញាធរធ្លាប់ចុះទៅហាមឃាត់ និងឱ្យរុះរើ ប៉ុន្តែអ្នកធ្វើចេះតែរហូតចប់រួចរាល់ជាស្ថារពរ ដូចពាក្យសោកពោលថា «ឆ្កែចេះតែព្រួសមនុស្សចេះតែដើរ»៕