
រដប៉េកាំង៖ នាថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានជួបពិភាក្សាការងារជាមួយ លោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន។
លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា កិច្ចប្រជុំនាឱកាសនេះកម្ពុជា-ចិន បានពិភាក្សាលើប្រធានបទសំខាន់ៗក្នុងការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងផែនការនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៍ និងបច្ចេកវិទ្យាជាដើម ដែលស្ថិតក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
លោកឲ្យដឹងទៀតថា គម្រោងគួរឱ្យកត់សម្គាល់ដែលបានលើកយកមកពិភាក្សាមានដូចជា គម្រោងព្រែកជីកហ្វូណនតេជោ, គម្រោងកែលំអផ្លូវជាតិលេខ៣ តភ្ជាប់កំពត-វាលរេញ, គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧ រមាត-ត្រពាំងគ្រៀល, គម្រោងទំនើបកម្មប្រព័ន្ធចម្រោះទឹកកខ្វក់ខេត្តព្រះសីហនុ, គម្រោងពង្រីកការនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, និងគម្រោងច្រករបៀងត្រី និងអង្ករ ជាដើម។
លើកឡើងក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក វ៉ាង យី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជានាឱកាសនេះ ខណៈឯកឧត្តមក៏ទើបអញ្ជើញត្រឡប់មកពីបំពេញទស្សនកិច្ចនៅតំបន់អ៊ឺរ៉ុបនាពេលថ្មីៗនេះ។
ការស្វាគមន៍នេះបានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំរវាងលោក វ៉ាង យី និងលោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងទំនាក់ទំនងដែកថែបរវាងកម្ពុជា-ចិន។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានអបអរសាទរចំពោះប្រទេសចិនដែលទទួលបានភាពជោគជ័យលើការរៀបចំកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូកនាពេលថ្មីៗនេះ។
ជាមួយគ្នានេះដែរ ភាគីមិត្តបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែបឱ្យកាន់តែកក់ក្តៅ សំដៅបង្កើតសហគមន៍វាសនារួម និងផលប្រយោជន៍ទៅវិញទៅមក។
តាមរយៈកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតឈប់ឈររបស់ប្រទេសចិនក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរបានមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ពោលលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) កាលពីឆ្នាំ២០១២ មានទំហំតិចជាង ៥០០ លានដុល្លារអាម៉េរិក ហើយក្នុងឆ្នាំ២០២៤ កើនឡើងដល់ប្រមាណ ៣,៤ ពាន់លានដុល្លារអាម៉េរិក។
តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសពិសេសពីប្រទេសចិន។ បច្ចុប្បន្នកម្ពុជាបានអនុម័តតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៥៧ តំបន់ ហើយក្នុងនោះមាន ១១ តំបន់ គឺជាការវិនិយោគរបស់វិនិយោគិនចិន។ គិតចាប់ពីឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៥ មានគម្រោងវិនិយោគប្រមាណ ៤០០ គម្រោង បានចូលមកបណ្ដាក់ទុនវិនិយោគរួចរាល់នៅក្នុងតំបន់សេដ្ឋកិច្ចទាំងនោះ។
ជាមួយគ្នានេះដែរចំពោះការវិនិយោគផ្ទាល់ពីបរទេស គិតត្រឹមរយៈពេល ៨ខែ នៃឆ្នាំ២០២៥នេះ មានគម្រោងវិនិយោគ ចំនួន ៤៩១ គម្រោងហើយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តជូនវិនិយោគិនដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា៕



