
ខេត្តកណ្ដាល៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានដឹកនាំសហការី អាជ្ញាធរភូមិ-ឃុំ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារកងទ័ពជួរមុខ និងពលករដែលទេីបមកពីប្រទេសថៃ ចំនួន ០២គ្រួសារ និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ រួមជាមួយថវិកា កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅឃុំសុីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
នាឱកាសនោះ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់លោកអភិបាលខេត្ត ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារកងទ័ព ក៏ដូចជាប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត។
លោកអភិបាលស្រុកខ្សាច់កណ្ដាល ក៏បានអំពាវនាវដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយ ក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដី ដោយត្រូវជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់ ព្រះរាជាណាចក្រកម្ពុជានៃយើង ។
គួរជម្រាបជូនថា នាឱកាសដែលលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល ជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារកងទ័ពជួរមុខ និងពលករដែលទេីបមកពីប្រទេសថៃ ចំនួន ០២គ្រួសារខាងលើនេះ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគរួមមាន អង្ករ ទឹកសុីអុីវ ទឹកត្រី មី និងទឹកសុទ្ធ រួមជាមួយថវិកាមួយចំនួន ប្រគល់ជូន ដើម្បីជួយសម្រួលដល់ជីវភាពលំបាកខ្វះខាតនៅពេលនេះ ឱ្យមានភាពប្រសើរឡើងបានមួយកម្រិតបន្ថែមទៀត៕




