
ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) បានសហការជាមួយគម្រោងភាពជាដៃគូនៃអង្គការអន្តរជាតិខាងការងារ-សាធារណរដ្ឋកូរ៉េ (ILO-Korea) រៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពី “ការពង្រឹងសមត្ថភាពភាគីពាក់ព័ន្ធក្នុងការដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ” ក្រោមអធិបតីភាព លោក សោម ចំណាន រដ្ឋលេខាធិការ តំណាងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី នៃក្រសួងការងារ និងលោក Hochul Sin ប្រធានប្រឹក្សាបច្ចេកទេសនៃគម្រោងភាពជាដៃគូ ILO-Korea ដោយមានការចូលរួមពីតំណាងអង្គភាពក្រោមឱវាទក្រសួង សមាគមនិយោជក និងសហជីព ចំនួន ៥០នាក់។
ថ្លែងក្នុងពិធីបើកនោះ លោករដ្ឋលេខាធិការរបានសង្កត់ធ្ងន់ថា «ការកសាងសមត្ថភាពរបស់ដៃគូពាក់ព័ន្ធ ក្នុងការបង្ការ និងទប់ស្កាត់វិវាទការងារនៅថ្នាក់ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន គឺជាកត្តាចាំបាច់សម្រាប់ជំរុញបរិយាកាសការងារឱ្យកាន់តែប្រសើរឡើង លើកកម្ពស់ផលិតភាព និងធានាស្ថិរភាពសង្គមកាន់តែប្រសើរ ជាពិសេសលើកកម្ពស់ការងារសមរម្យ និងសុខដុមនីយកម្មនៅកម្ពុជា»។
វគ្គបណ្តុះបណ្តាលនេះ គឺស្របទៅនឹងទិសដៅយុទ្ធសាស្ត្រនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកសាងប្រព័ន្ធទំនាក់ទំនងវិជ្ជាជីវៈដ៏រឹងមាំ និងស្របតាមស្តង់ដារការងារអន្តរជាតិ។
ដោយឡែក លោក Hochul Sin ប្រធានប្រឹក្សាបច្ចេកទេសនៃគម្រោងភាពជាដៃគូ ILO-Korea បានលើកទ្បើងថា «ការពង្រឹងសមត្ថភាពរបស់ភាគីនិយោជក កម្មករនិយោជិត សហជីព និងតំណាងរដ្ឋាភិបាល ដើម្បីចូលរួមក្នុងកិច្ចសន្ទនាសង្គមក្នុងន័យស្ថាបនាគឺជារឿងសំខាន់។ សម្រាប់លោក ជាអាទិភាព គួរតែផ្តោតលើការជំរុញដំណោះស្រាយប្រកបដោយមិត្តភាពតាមរយៈយន្តការដូចជា ការចរចា ការផ្សះផ្សា ការសម្របសម្រួល ឬការសម្របសម្រួលតាមរយៈក្រុមប្រឹក្សាអាជ្ញាកណ្ដាល ជាជាងការអនុញ្ញាតឱ្យវិវាទឈានដល់ការប្រឈមមុខដាក់គ្នា ឬមានភាពអូសបន្លាយរយៈពេលយូរ»។
ការវិនិយោគលើការបណ្តុះបណ្តាល និងការគាំទ្រពីស្ថាប័ននានាលើយន្តការទាំងនេះមិនត្រឹមតែអាចចូលរួមចំណែកក្នុងការលើកកម្ពស់ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការការពារសិទ្ធិកម្មករនិយោជិត និងនិរន្តរភាពផលិតភាពអាជីវកម្មប៉ុណ្ណោះទេ កម្ពុជាក៏អាចកសាងប្រព័ន្ធទំនាក់ទំនងការងារមួយដែលមានភាពធន់ និងប្រកបដោយសមធម៌ ដែលផ្តល់ផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃនេះ ផ្តោតសំខាន់លើចំណុចសំខាន់ៗចំនួន៧រួមមាន៖ (១) ទំនាក់ទំនងវិជ្ជាជីវៈដើម្បីផលិតភាព កណើន និងការងារសមរម្យ, (២) ច្បាប់ការងារ និងការដោះស្រាយវិវាទការងារនៅកម្ពុជា, (៣) ប្រពន្ធនៃការដោះស្រាយវិវាទការងារនៅសាធារណរដ្ឋកូរ៉េ, (៤) វិធីសាស្រ្តឆ្ពោះទៅរកការដោះស្រាយវិវាទការាងរ និងគោលការណ៍សំខាន់ៗរបស់ ILO ក្នុងការបង្ការ និងដោះស្រាយវិវាទ, (៥) ការដោះស្រាយវិវាទការងារនៅកម្ពុជា៖ រៀបនៃការលើកកម្ពស់គោលនយោបាយ និងការអនុវត្តដើម្បីប្រសិទ្ធភាព, (៦) ការសម្របសម្រសួលភាគីក្នុងការដោះស្រាយវិវាទការងារ៖ការយល់ដឹងពីសធានកម្មក្នុងទំនាក់ទំនងការងារ និង(៧) សារៈសំខាន់នៃយន្តការដោះស្រាយបណ្ដឹងតវ៉ានៅថ្នាក់សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន៕

