2025-09-18 14:41
7

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពគឃ្លីន និងបង្កហេតុ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់ និងព្រះសង្ឃរងរបួសជាច្រើន អង្គ/នាក់។

យោងតាមរបាយការណ៍ដែលអាចទុកចិត្តបានទាហានថៃដែលប្រដាប់ដោយខែលការពារ ដំបង និងអាវុធ បានចូលមកក្នុងទឹកដីកម្ពុជា ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ និងឧបករណ៍បំពងសម្លេងហ្វ្រេកង់ខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់។ សកម្មភាពទាំងនេះ បានបណ្តាលឱ្យមានរបួសដល់ជនស៊ីវិលជាច្រើននាក់ រួមទាំងព្រះសង្ឃផងដែរ នៅក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយប្រជាពលរដ្ឋកម្ពុជា ដែលកំពុងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ខ្លួនដោយសន្តិវិធី។ 

ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា សកម្មភាពបំភិតបំភ័យ ដែលពុំអាចទទួលយកបាននេះ រួមជាមួយនឹងការភ្ជង់ដោយអាវុធពិតទៅលើជនស៊ីវិល គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណៈភាពទឹកដីរបស់កម្ពុជា ក៏ដូចជាទៅលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងបទដ្ឋានមនុស្សធម៌។

ជនស៊ីវិលកម្ពុជា ដែលគ្មានអាវុធ និងកំពុងរស់នៅដោយសន្តិភាពលើទឹកដីដូនតារបស់ខ្លួន មិនត្រូវទទួលរងនូវការគំរាមកំហែង ការរំខាន ឬអំពើហិង្សា ដូច្នេះឡើយ។ ការបង្កហេតុជាបន្តបន្ទាប់ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មិនត្រឹមតែប៉ះពាល់ដល់បទឈប់បាញ់ដ៏ផុយស្រួយនៅតាមបណ្តោយព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស រាជរដ្ឋាភិបាលទាំងពីរ ក្នុងការដោះស្រាយវិវាទតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី និងយន្តការចរចានានា ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទូចឱ្យកងកម្លាំងប្រដាប់អាវុធថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពអរិភាពបែបនេះ អនុវត្តការអត់ធ្មត់ជាទីបំផុត និងធានាថា ទាហានរបស់ខ្លួនគោរពយ៉ាងពេញលេញនូវអធិបតេយ្យ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ 

កម្ពុជា សូមអំពាវនាវបន្ថែមទៀត ដល់សហគមន៍អន្តរជាតិ ជាពិសេសអាស៊ាន និងបណ្តាដៃគូពាក់ព័ន្ធឱ្យយកចិត្តទុកដាក់លើការវិវត្តដ៏គួរឱ្យព្រួយបារម្ភទាំងនេះ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា សំដៅទប់ស្កាត់ការកើនឡើងនៃភាពតានតឹង បន្ថែមទៀត។

កម្ពុជា នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ច្បាប់អន្តរជាតិ និងស្មារតីសាមគ្គីភាពរបស់អាស៊ាន។ 

កម្ពុជាបានគូសបញ្ជាក់យ៉ាងខ្ជាប់ខ្ជួនថា «កិច្ចសន្ទនា និងការចរចា គឺជាមាគ៌ាឆ្ពោះទៅមុខ ដែលអាចធ្វើបានតែមួយគត់ តាមរយៈការប្រើប្រាស់យន្តការទ្វេភាគីឱ្យបានពេញលេញ ដូចជាគណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) និងគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ប្រកបដោយការស្ថាបនា»។ 

កម្ពុជាក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃវិធានការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការផ្នែកមនុស្សធម៌ និងការការពារជនស៊ីវិលនៅតាមបណ្តោយព្រំដែន ខណៈបដិសេធនូវរាល់សកម្មភាពទាំងឡាយណាដែលអាចបង្កើនភាពតានតឹង។ 

តាមរយៈការផ្តល់អាទិភាពដល់មធ្យោបាយការទូត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ កម្ពុជាប៉ងប្រាថ្នាឱ្យជម្លោះត្រូវបានដោះស្រាយតាមរយៈការយោគយល់គ្នាទៅវិញទៅមក ដោយលើកកម្ពស់ ស្ថិរភាព និងភាពសុខដុមរមនា សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕