2025-09-18 15:28
8

ភ្នំពេញ៖ ពលបាលឯក ម៉ន ភក្រ្តា  វីរកងទ័ពកម្ពុជា ដែលបានរងរបួសភ្នែកខាងស្តាំធ្ងន់ធ្ងរ  ក្នុងអំឡុងពេលបំពេញភារកិច្ច ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងសម្រាកព្យាបាល និងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ អ្នកគ្រូពេទ្យ នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ តំណាងក្រសួងការពារជាតិ បានចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនដែលជាអំណោយ របស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់ ពលបាលឯក ម៉ន ភក្រ្តា  ដែលបានរងរបួសភ្នែកខាងស្តាំធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។ ពលបាលឯក ម៉ន ភក្រ្តា ពិតមានសំណាងណាស់បានគេចផុតពីការបាត់បង់កែវភ្នែក ប៉ុន្តែទោះបីជាយ៉ាងណាក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ក្នុងការព្យាបាយជាទីបំផុត។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៥និង៣០នាទីរសៀល កងកម្លាំងចម្រុះរបស់ភាគីថៃ រួមមាន កម្លាំងតម្រួតព្រំដែន ទាហានប៉ារ៉ា ទាហានឈុតខ្មៅ នគរបាល និងប្រជាពលរដ្ឋ ស្រុកគោកធ្យូង ចំនួនប្រហែល ៣០០ នាក់ មានអាវុធគ្រប់ដៃ និងមានឧបករណ៍សម្រាប់ទប់ស្កាត់បាតុកម្ម ខ្លះទៀតមានកាន់ ជំពាមកៅស៊ូ បានចូលមកធ្វើសកម្មភាពរាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 

កម្លាំងចម្រុះរបស់ភាគីថៃបានប្រើប្រាស់ រថយន្តបំពាក់ឧបករណ៍បំពងសំឡេង និងកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើកងកម្លាំង និងប្រជាពល រដ្ឋកម្ពុជា ក្រោយពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះសង្កេតការណ៍ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន នៅវេលាម៉ោង ១៣និង៥៧នាទីរសៀល ហើយទើបតែបានចាកចេញពីទីតាំងនោះមិនបានប៉ុន្មាននាទីផង។

ជាការកត់សម្គាល់កម្លាំងនគរបាល និងយោធាថៃ បានប្រើប្រាស់ខែល ដំបងឆក់ ដំបងវែងសម្រាប់រុញច្រានប្រជាពលរដ្ឋ ប្រើគ្រាប់បែកផ្សែង បាញ់កាំភ្លើងគ្រាប់ជ័រ ឧបករណ៍បំពងសំឡេង និងកម្លាំងចម្រុះថៃផ្សេងទៀត ប្រើជំពាម គ្រាប់ដែក គ្រាប់ឃ្លីបាញ់មកលើកងកម្លាំងកម្ពុជា ទាំងនគរបាល យោធា ដែលគ្មានអាវុធក្នុងដៃ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋខ្មែរ បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាល ដួលសន្លប់ ចំនួន ២៩ អង្គ/នាក់ ខណៈកម្លាំងនគរបាល និងយោធាកម្ពុជា បានប្រកាន់ខ្ជាប់ការអនុវត្តបទឈប់បាញ់ ពោល គឺប្រចាំការដោយគ្មានអាវុធអ្វីក្នុងដៃ ឯប្រជាពលរដ្ឋវិញ ក៏មានត្រឹមតែដំបងសម្រាប់រុញ និងតម្ពក់ឈើសម្រាប់អូសបន្លាលួសចេញពីដីធ្លី និងភូមិរបស់ពួកគាត់៕