2025-10-10 11:00
6

ហ្សេរុយសាឡឹម/ក្រុងគែរ៖ រដ្ឋាភិបាលអ៊ីស្រាអែលបានផ្តល់សច្ចាប័នលើបទឈប់បាញ់ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas នៅថ្ងៃសុក្រនេះ ដើម្បីផ្អាកអរិភាព (ភាពឬដំណើរជាសត្រូវ) នៅតំបន់ហ្គាហ្សាក្នុងរយៈពេល ២៤ ម៉ោង និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួននៅទីនោះក្នុងរយៈពេល ៧២ ម៉ោង។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ។

គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានអនុម័តកិច្ចព្រមព្រៀងនេះនៅព្រឹកថ្ងៃសុក្រ ប្រហែល ២៤ម៉ោង បន្ទាប់ពីអ្នកសម្រុះសម្រួលបានប្រកាសកិច្ចព្រមព្រៀង ដែលអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន និងការចាប់ផ្តើមនៃការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមរយៈពេលពីរឆ្នាំនៅហ្គាហ្សា។

គួរបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានប្រកាស ទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីនរីករាយអបអរសាទរដូចគ្នា បើទោះបីជាសង្គ្រាមរយៈពេលពីរឆ្នាំមកនេះ បណ្ដាលឲ្យជនជាតិប៉ាឡេស្ទីនជាង ៦៧,០០០ នាក់ត្រូវបានស្លាប់យ៉ាងរន្ធត់យ៉ាងណាក៏ដោយ៕