2025-10-17 16:29
7

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អមដោយ លោក ចឺយ វិចិត្ត ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញការទូត និងទំនាក់ទំនងអន្តរជាតិ» សម្រាប់មន្រ្តីក្រសួងបរិស្ថាន ចំនួន ២៥ រូប។ 

ពិធីនេះ ត្រូវបានរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីតំណាងរបស់ក្រសួងបរិស្ថាន ព្រមទាំងមន្រ្តី និងក្រុមការងាររបស់វិទ្យាស្ថានជាតិការទូត ផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការផ្តល់វគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញការទូត និងទំនាក់ទំនងអន្តរជាតិ» ជូនមន្រ្តីនៃក្រសួងស្ថាប័ននានា របស់រាជរដ្ឋាភិបាល ជាកត្តាចាំបាច់បំផុត ដែលបានដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញ និងអនុវត្តគោលនយោបាយការបរទេសកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទីមួយ» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕