
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពន្យល់ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រាប់អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េ អំពីយន្តការដែលមានស្រាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិត ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពប្រជាជន។
ការពន្យល់នេះធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង នាឱកាសលោកស្រី យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រីវ គឹម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរលង់ និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។
នៅក្នុងជំនួប លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី បានពន្យល់ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល និងយន្តការដែលមានស្រាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិត ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពប្រជាជន រួមទាំងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ៕


