
បន្ទាយមានជ័យ៖ នៅវេលាម៉ោង ០៥និង៣០នាទីល្ងាច ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រុមជ្រុលនិយមរបស់ថៃ បើកដៃដោយយោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បានបន្តចាក់សំឡេងរំខានពលរដ្ឋនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ដែលទីកន្លែងដែលថៃ បានរំលោភបំពានព័ទ្ធបន្លាលួស និងឈូសឆាយយកដីចម្ការ ស្រែ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ។
សកម្មភាពនៃការចាក់សំឡេងរំខានពេលនេះ ពួកគេបានប្រើឧបករណ៍បំពងសំឡេងបំពាក់លើរថយន្ត ចំនួន ០៤គ្រឿង ស្ទួចឧបករណ៍មួយចំនួនឡើងទៅលើឱ្យខ្ពស់ ដើម្បីបំពងសំឡេងបានកាន់តែឆ្ងាយ ហើយឧបករណ៍បំពងសំឡេងផ្សេងទៀត ដាក់នៅខាងក្រោម។ ឧបករណ៍បំពងសំឡេងដែលគេចាក់នេះ ត្រូវបានបញ្ជាក់ថា «មានកម្រិតរលកសំឡេងរង្វង់ ៥០០ ដេស៊ីបែល ដែលជាកម្រិតរលកសំឡេងខ្ពស់បំផុត ហើយអាចឭចម្ងាយប្រមាណ៣០ គីឡូម៉ែត្រឯណោះ»។
តាមអ្នកជំនាញផ្នែករលកសំឡេងបានលើកឡើងថា ជាទូទៅត្រចៀករបស់មនុស្សអាចទទួលកម្រិតរលកសំឡេងរង្វង់ ១០០ ដេស៊ីបែល ប៉ុណ្ណោះ។ កម្រិតរលកសំឡេងរហូតដល់ ៥០០ ដេស៊ីបែល នឹងធ្វើឱ្យមនុស្សរហែក ឬបែកក្រដាសត្រចៀក ឈឺក្បាល វិលមុខ និងក្អួតចង្អោរ រហូតដល់សន្លប់។
សកម្មភាពប្រើប្រាស់សំឡេងប្រឆាំងជនស៊ីវិលកម្ពុជា បង្កឱ្យមានការរិះគន់ជុំទិស ព្រោះមានទម្រង់ជាការបំភិតបំភ័យ និងការយាយីផ្លូវចិត្ត ជាពិសេសការធ្វើទារុណកម្មផ្លូវអារម្មណ៍ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលពិភពលោកប្រឆាំងតាមរយៈអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម៕



