
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងចាត់វិធានការចាំបាច់នានា ដើម្បីធានាប្រតិបត្តិការ ជាប្រក្រតីនូវគណនីទាំងឡាយរបស់អតិថិជន នៅធនាគារ ព្រីនស៍ ម.ក. និង ជាពិសេស ដើម្បីធានានូវសុវត្ថិភាពសាច់ប្រាក់របស់អតិថិជនរបស់ធនាគារនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌ របស់ធនាគារជាតិកម្ពុជា ដែលបណ្តាញសារព័ត៌មាន អឹម អេស ជេ ទទួលបាននៅថ្ងៃទីអាទិត្យ ទី១៩ ខែតុលា។
ក្នុងនាមអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា ធនាគារជាតិនៃកម្ពុជាបានសង្កេតឃើញថា «ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ មានអតិថិជននៅតាមធនាគារខ្លះមានការបារម្ភ ហើយបានទៅដកប្រាក់របស់ខ្លួនវិញ ជាពិសេសនៅធនាគារ ព្រីនស៍ ម.ក.»។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា៖ «គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់នៅកម្ពុជាស្ថិតនៅក្រោមវិធានប្រុងប្រយ័ត្នយ៉ាងតឹងរឹង និងមានកម្រិតសន្ទនីយភាព (សាច់ប្រាក់) គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការសាច់ប្រាក់របស់អតិថិជន»។
ដោយឡែក ចំពោះព័ត៌មានដែលត្រូវបានផ្សព្វផ្សាយពាក់ព័ន្ធនឹង ធនាគារ ព្រីនស៍ ម.ក. អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បាននិងកំពុងចាត់វិធានការត្រួតពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា «ធនាគារនេះមានអនុលោមភាពត្រឹមត្រូវតាមច្បាប់កម្ពុជា»៕
