
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១៩ ខែតុលានេះ រដ្ឋសភាកម្ពុជា បានបញ្ជាក់ពីការចូលរួមកិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) កិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group) ដឹកនាំរបស់គណៈប្រតិភូសភាកម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ និងបដិសេធចំពោះព័ត៌មាន The Nations របស់ប្រទេសថៃ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចោទប្រកាន់កម្ពុជាថា «បានយកគ្រប់វេទិកានានាប្រឆាំងកិត្តិនាមរបស់ថៃ នៅឆាកអន្តរជាតិ» ។
តាមរយៈសេចក្តីថ្លែងការណ៍របស់រដ្ឋសភា បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) ដែលដឹកនាំដោយ ប្រធានប្រតិភូសភា សិង្ហបុរី និងកិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group) ដឹកនាំដោយ ប្រធានប្រតិភូសភាចិន ក្នុងមហាសន្និបាតលើកទី១៥១ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងឱកាសនៃកិច្ចប្រជុំនោះ លោក ងី ច័ន្ទ្រផល ជាតំណាងគណៈប្រតិភូសភាកម្ពុជា បានបង្ហាញជំហរប្រកបដោយមិត្តភាពជាមួយគណៈប្រតិភូថៃ ជាពិសេសចំពោះប្រធានគណៈប្រតិភូសភាថៃ លោក វ៉ាន់ មូហាម៉ាត់ ណីរមៈថា ប្រធានរដ្ឋសភាថៃ ដែលបានអញ្ជើញមកចាប់ដៃគួរសមជាមួយគណប្រតិភូសភាកម្ពុជា។
រដ្ឋសភាកម្ពុជា បានបដិសេធចំពោះពត៌មាន The Nations របស់ប្រទេសថៃ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចោទប្រកាន់កម្ពុជាថា «បានយកគ្រប់វេទិកានានាប្រឆាំងកិត្តិនាមរបស់ថៃនៅឆាកអន្តរជាតិ»។
ផ្ទុយទៅវិញ សម្រាប់សេចក្តីព្រាងរបៀបវារៈបន្ទាន់ (Emergency Item) ស្តីពី “ការពង្រឹងយន្តការនៃស្ថាបន័នីតិបញ្ញត្តិទាក់ទង និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត ក្នុងន័យលើកម្ពស់គោលការណ៍មនុស្សធម៌” ដែលគណៈប្រតិភូថៃបានស្នើឱ្យដាក់ចូលមហាសន្និបាតនៃសហភាពអន្តរសភា (IPU) គណៈប្រតិភូសភាកម្ពុជា បានសម្តែងមតិគាំទ្រដោយបានធ្វើការកែសម្រួលដោយភាពស្ថាបនាលើខ្លឹមសារសេចក្តីព្រាងរបៀបវារៈបន្ទាន់ ដើម្បីជួយធ្វើឱ្យខ្លឹមសារកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រសិទ្ធភាពខ្ពស់ និងគុណតម្លៃជាសកល។
រដ្ឋសភាកម្ពុជា បានបញ្ជាក់ជំហររបស់កម្ពុជាថា «ក្នុងឋានៈជារដ្ឋឯករាជ្យមាន អធិបតេយ្យភាព បូរណភាពដែនដីតាំងពីដើមរៀងមក ជាសមាជិកនៃអង្គការសហប្រជាតិ កម្ពុជានឹងបន្តនូវតួនាទីនៃការស្ថាបនា ដើម្បីរស់នៅក្នុងសកលលោក និងជាពិសេសសហគមន៍អាស៊ានមួយ ដែលមានសាមគ្គីភាព កិច្ចសហប្រតិបត្តការ និងការគោរពច្បាប់អន្តរជាតិ។
មិត្តភាពរវាងកម្ពុជានិងថៃ ត្រូវផ្អែកលើគុណតម្លៃនៃ ការយោគយល់គ្នា ការគោរពគ្នា និងសមភាព ដែលជាកត្តាចំបាច់ដើម្បីទ្រទ្រង់សន្តិភាព និងកិច្ចសហប្រតិបត្តិការ យូរអង្វែងក្នុងតំបន់»៕
