
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នេះ បានបង្ហើបថា មានជនខិតខួចលួចរត់ប្លង់លក់ដីព្រលានយន្តភ្នំពេញ ដោយមានទាំងក្លែងបន្លំហត្ថលេខារបស់សម្តេចទៀត ហើយសមត្ថកិច្ចចាប់ខ្លួនបុគ្គលម្នាក់ ដាក់ពន្ធនាគារ ប៉ុន្តែសម្តេចមិនបានបង្ហាញអត្តសញ្ញានៃជននោះឡើយ។ ក្រៅពីការក្លែងបន្លំស៊ីរបស់នាយករដ្ឋមន្ត្រី ក៏មានបុគ្គលខ្លះទៀត ហ៊ានក្លែងបន្លំហត្ថលេខារបស់សម្តេចតេជោ ដើម្បីរត់ការឯកសារផ្សេងៗផងដែរ។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «ប្រសិនបើមានបុគ្គលណាធានាស៊ីញ៉េរត់ការលក់ដីព្រលានយន្តហោះអន្តរជាតិភ្នំពេញនេះ ផ្តល់ព័ត៌មានមកសម្តេច ដើម្បីឱ្យសមត្ថកិច្ចចាប់ខ្លួនចាត់ការតាមផ្លូវច្បាប់»។ ប្រមុខរដ្ឋាភិបាលបានបញ្ជាក់សារជាថ្មីថា «គ្មានគោលការណ៍លក់ព្រលានយន្តហោះចាស់ដាច់ខាត នៅតែជារបស់រដ្ឋដដែល»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ទីតាំងដីព្រលានយន្តហោះដែលមានទំហំប្រមាណ ២០០ ហិកតានេះ ប្រសិនបើលក់មានតម្លៃរាប់ពាន់លានដុល្លារ ប៉ុន្តែតម្លៃនេះមិនអាចស្មើនឹងតម្លៃដែលព្រលានយន្តនេះបានផ្តល់ឱ្យប្រទេស និងប្រជាជនកម្ពុជាបានឡើយ ព្រោះព្រលានយន្តពោធិ៍ចិនតុង បានបម្រើផលប្រយោជន៍ជាតិរាប់សិបឆ្នាំមកហើយ។
សម្តេចនាយករដ្ឋមន្ត្រី បានផ្តាំទៅអ្នកមានបំណងចង់ចែចូវ ឬរត់ការស៊ីញ៉េលក់ដីព្រលានយន្តហោះអន្តរជាតិភ្នំពេញ សូមកុំស្រមើប្រម៉ៃឱ្យសោះដរាណាសម្តេចនៅធ្វើជានាយករដ្ឋមន្ត្រី ហើយបើមានអ្នកណាធានារត់ការធ្វើប្លង់លក់ដីព្រលានយន្តត្រូវរាយការណ៍បន្ទាន ដើម្បីចាប់ខ្លួនដាក់គុកមិនឱ្យរួចខ្លួនទេ៕