2025-10-21 17:59
368

ភ្នំពេញ៖ ករណី ឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច តួនាទី ជាមគ្គុទ្ទេសក៍ទេសចរណ៍ នៅខេត្តសៀមរាប អ្នកនាំពាក្យរាជធានីភ្នំពេញ បានបញ្ជាក់ថា «ការឃាត់ខ្លួនជនសង្ស័យ គឺសមត្ថកិច្ចអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ដោយផ្អែកលើអង្គហេតុអង្គច្បាប់និងភស្តុតាងច្បាស់លាស់នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធ រឿងនយោបាយនោះឡើយ»។
អ្នកនាំាំពាក្យបានឱ្យដឹថថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ មគ្គុទ្ទេសក៍ទេសចរណ៍ នៅចំណុច ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១៣៦៥ ដ.ច.ន ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ របស់ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ៖ «រួមគំនិតក្បត់» ធ្វើសកម្មភាពតាមរយៈប្រព័ន្ធប្រព្រឹត្តកម្មបច្ចេកវិទ្យា និងទូរគមនាគមន៍ និងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក។
ក្រោយការឃាត់ខ្លួនជនសង្ស័យបន្ទាប់មកត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី ។

ដោយយោងតាមចម្លើយសារភាព និងប្រមូលបានភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់បណ្តាញសង្គម ផ្សព្វផ្សាយខ្លឹមសារ និងបញ្ចេញមតិយោបល់នៅក្នុងបណ្តាញសង្គមចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា គ្មានមូលដ្ឋាន និងអង្គហេតុច្បាស់លាស់ ដើម្បីបណ្តុះគំនិតជ្រុលនិយមទុច្ចរិត ក្នុងគោលបំណងអូសទាញបំផុសបំផុលប្រជាពលរដ្ឋ ដែលជឿខ្វះការគិតពិចារណាតាមរយៈការញុះញង់ឱ្យចូលរួមធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមលំនាំប្រទេសនេប៉ាល់ ដែលជាសកម្មភាពប្រព្រឹត្តបទល្មើសខុសច្បាប់មិនស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ។ 
ចំពោះការឃាត់ខ្លួនជនសង្ស័យ គឺសមត្ថកិច្ចអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ ដោយផ្អែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងច្បាស់លាស់ នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធរឿងនយោបាយនោះឡើយ។ ពោល ការអនុវត្តន៍ច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសខុសច្បាប់ គឺជាការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យដែលតម្រូវឱ្យបុគ្គលគ្រប់រូបត្រូវចូលរួមគោរពច្បាប់ជាធរមាន។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បដិសេធ និងច្រានចោលចំពោះការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមចោទប្រកាន់មកលើសមត្ថកិច្ចថា ការអនុវត្តន៍ច្បាប់ចំពោះជនសង្ស័យខាងលើជាការរំលោភបំពានសិទ្ធិសេរីភាពបញ្ចេញមតិ និងបំភិតបំភ័យផ្នែកនយោបាយ។ ដោយការផ្សព្វផ្សាយចោទប្រកាន់នេះ ជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយមិនផ្អែកលើអង្គហេតុ អង្គច្បាប់ឱ្យបានត្រឹមត្រូវនោះឡើយ៕
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ។