2025-10-21 18:31
9

កូរ៉េ៖ ក្នុងការចូលរួមសិក្ខាសាលាអន្តរជាតិ លើកទី១៤ ស្តីពី សេវាស្រាវជ្រាវសភា នៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥នេះ លោកបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរង ប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានអញ្ជើញថ្លែងបទអន្តរាគមន៍ ក្នុងប្រធានបទ ស្តីពី «និន្នាការនីតិប្បញ្ញត្តិ និងគោលនយោបាយឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ» ។

នៅក្នុងបទអន្តរាគមន៍នោះ លោកបណ្ឌិត កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា «កម្ពុជា ជាប្រទេសតូចកំពុងអភិវឌ្ឍន៍មានការបញ្ចេញឧស្ម័ន្មផ្ទះកញ្ចក់តិចតូច ប៉ុន្តែបានរងគ្រោះពីការប្រែប្រួល អាកាសធាតុដែលជាបញ្ហាសកលធ្ងន់ធ្ងរ។  តំាងពីឆ្នាំ១៩៩៥មក កម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការបំពេញកាតព្វកិច្ចសកល នៅក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ»។

លោកបណ្ឌិត បានគូសបញ្ជាក់ថា «ការប្តេជ្ញាយ៉ាងចិត្តដ៏មោះមុត របស់កម្ពុជា ក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ ដើម្បីឆ្ពោះទៅរកអនាគតដែលមានការអភិវឌ្ឍប្រកបដោយចីរភាពធន់ និងការប្រែប្រួលអាកាសធាតុ និងមានតុល្យភាពបរិស្ថាន តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យកម្ពុជា មានភាពស្អាត ភាពបៃតង និងសម្រេចគោលដៅ ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

នៅក្នុងបទអន្តរាគមន៍នោះ លោកបណ្ឌិត កែវ ពិសិដ្ឋ ក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់នាយកដ្ឋានស្រាវជ្រាវកិច្ចការជាតិ និងនាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួម និងគំាទ្រដល់រដ្ឋសភា ក្នុងការបំពេញតូនាទីរបស់ខ្លួន ក្នុងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុនេះ។

សូមជម្រាបថា សិក្ខាសាលាអន្តរជាតិ លើកទី១៤ ស្តីពី សេវាស្រាវជ្រាវសភា នៅសាធារណរដ្ឋកូរ៉េនេះ ប្រារព្ធធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលាឆ្នាំ២០២៥ ដោយមានវាគ្មិនសំខាន់ៗ អញ្ជើញមកថ្លែងសន្ទរកថា និងចែករំលែកបំបទពិសោធន៍។ សិក្ខាសាលានេះ មានប្រតិភូចូលរួមមកពី ១៧ ប្រទេស ដើម្បីពិភាក្សាលើប្រធានបទ ចំនួន ២គឺ៖ «និន្នាការនីតិប្បញ្ញត្តិ និងគោលនយោបាយឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ» និង «តួនាទីរបស់សភាក្នុងការកាត់បន្ថយវិសមភាព» ។

នៅក្នុងឱកាសចូលរួមសិក្ខាសាលាជាលក្ខណៈអន្តរជាតិនេះ លោកបណ្ឌិត កែវ ពិសិដ្ឋ បានជួបប្រាស្រ័យទាក់ទង ពិភាក្សាការងារ ពង្រឹងបណ្តាញទំនាក់ទំនាក់ជាមួយគណៈប្រតិភូមកពីប្រទេសផ្សេងៗ។ លោកបណ្ឌិតបានជម្រាបជូនគណៈប្រតិភូនានា ពីសភាពការណ៍ពិត និងការវិវត្តថ្មីៗនៃជម្លោះព្រំដែន កម្ពុជា-ថៃ និង ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាន ផងដែរ។

អគ្គលេខាធិការរងរដ្ឋសភា បានគូសបញ្ជាក់ថា «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីវ័យក្មេង ប្រកបដោយថាមវន្ត រាជរដ្ឋាភិបាលកម្ពុជា ផ្តល់តម្លៃខ្ពស់បំផុតលើសុខសន្តិភាព។ មានសន្តិភាព ទើបមានអ្វីៗទំាងអស់ រួមទំាងការអភិវឌ្ឍផង»៕