2025-10-22 15:08
8

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានឱ្យដឹងថា នៅម៉ោងវេលាម៉ោង ០៩ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នេះ ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានបន្តកិច្ចប្រជុំរបស់ខ្លួន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

អ្នកនាំពាក្យបានបញ្ជាក់ថា៖ «កិច្ចប្រជុំក្រុមលេខាធិការ GBC ដែលឈានដល់ថ្ងៃទី៣នេះ ភាគីទាំងពីរ បានបន្តពិភាក្សាបន្ថែមទៀត លើខ្លឹមសារឯកសារសំខាន់ៗមួយចំនួន ដែលជាធាតុចូលក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា»។ 

សូមគូសបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះធ្វើឡើងដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ស្អែកនេះ។ 

នៅថ្ងៃពុធនេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងគណៈប្រតិភូបានធ្វើដំណើរទៅដល់ម៉ាឡេស៊ីហើយ ដើម្បីត្រៀមចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC)។ 

កិច្ចប្រជុំពិសេសលើកទី២នេះ ប្រមុខការពារជាតិកម្ពុជា រំពឹងយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអាចពិភាក្សាគ្នាក្នុងបរិយាកាសមិត្តភាព ការស្ថាបនា និងប្រកបដោយសុឆន្ទៈខ្ពស់ លើបញ្ហាអាទិភាពទាំងឡាយ ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការកែសម្រួលនូវយុទ្ធោបករណ៍និងសម្ភារយោធាធុនធ្ងន់ ដែលត្រូវអនុវត្តនៅក្រោមការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ 

ចំពោះបញ្ហាផ្សេងទៀត ដូចជា ការដោះមីនមនុស្សធម៌, កិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនរួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សង្ឃឹមថាកិច្ចពិភាក្សារវាងភាគីទាំងពីរនឹងទទួលបានលទ្ធផលជាវិជ្ជមាន។ ក្នុងន័យនេះ កម្ពុជាជឿជាក់ថាកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងចូលរួមចំណែកទៅដល់ការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕