
ព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រយ័ត្ន និងជៀសវាងការផ្តល់សេវាកម្មជួលរឺបើកបរយានយន្តបំពាក់ឧបករណ៍ «FAKE BTS - Fake Base Transceiver Station» ដែលប្រើវិធីសាស្រ្តផ្តាច់សេវាក្រុមហ៊ុនទូរសព្ទរួចផ្ញើសារ SMS ផ្សាយពាណិជ្ជកម្មរំខាន ឬរាល់ប្រភេទសារ ដែលផ្តល់តំណភ្ជាប់ link ដោយមិនទាន់មានការពិនិត្យ។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចជំនាញ បានរកឃើញថា ឧបករណ៍ផ្ញើសារ SMS ដែលប្រើសម្រាប់ផ្សព្វផ្សាយសេវាកម្មទាំងនេះ គឺអាចផ្ញើតំណទៅកាន់គេហទំព័របោកប្រាស់ និងអាចភ្ជាប់កម្មវិធី malware ឬ hack ដែលត្រូវបានរចនាឡើងដើម្បីរំខាន បំផ្លាញ ឬទទួលបានសិទ្ធិចូលគ្រប់្រគងលើប្រព័ន្ធឧបករណ៍អេឡិចត្រូនិច ឬទូរសព្ទរបស់អ្នកដែលចុចចូលក្នុងសារនោះ ដោយពុំចាំបាច់មានការអនុញ្ញាតឡើយ។ ហេតុនេះ សូមកុំចុច ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬលេខកូដ OTP ឲ្យសោះ។
សូមរំឭកថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២៣និង៤៥នាទីរំលងអធ្រាត្រ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះអនុវត្តការងាររដ្ឋបាលចំហ ដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ នៅចំណុច ផ្លូវ៣០០ ក្បែរកាស៊ីណូ «ប៉ ឡាយ» ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ខណៈពេលត្រួតពិនិត្យ រថយន្ត ០១ គ្រឿង ម៉ាក Prius ពណ៌ស ស្លាកលេខ 2A-7170 ដែលបើកបរដោយឈ្មោះ ពៅ លីហាវ ជនជាតិខ្មែរ ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវបានរកឃើញមានឧបករណ៍ប្រើសម្រាប់ផ្ញើសារ SMS និងឧបករណ៍ផ្សេងៗទៀតដែលអាចប្រើសម្រាប់បង្កើត និងផ្ញើគេហទំព័បោកប្រាស់។
ចំពោះឧបករណ៍ និងសម្ភារៈដកហូតបានរួមមាន៖ ទូរសព្ទដៃ ០៣ គ្រឿង, ឧបករណ៍ FAKE BTS (Fake Base Transceiver Station ០២ គ្រឿង, អង់តែន FAKE BTS ០២ គ្រឿង និង Power supply ចំនួន ០៤ គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


