2025-10-26 16:22
9

ភ្នំពេញ៖ ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដ៏មានសារៈសំខាន់ និងមានអត្ថន័យបំផុត ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកសុខសន្តិភាពជូនជាតិ និងមាតុភូមិ តាមរយៈការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ក្រោមការសម្របសម្រួលដោយ លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងមានការអញ្ជើញជាសាក្សីផ្ទាល់ដោយប្រធានធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅឯប្រទេសម៉ាឡេស៊ី។

សមិទ្ធផលដ៏ត្រចះត្រចង់នេះ បានមកពីការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាព ការដោះស្រាយជម្លោះដោយសន្តិវិធី ការប្រកាន់អភិក្រម និងយុទ្ធសាស្ត្រការទូត ដោយគោរពតាមច្បាប់អន្តរជាតិ ក្នុងគោលបំណង ដើម្បីបញ្ចប់នូវជម្លោះព្រំដែន ដែលជាក្តីកង្វល់របស់ប្រជាជនកម្ពុជា និងថៃ ក៏ដូចជាបណ្តាប្រទេសអាស៊ាន និងនៅលើពិភពលោក។

កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ គឺជាអ្វីដែលក្រុមគ្រួសារ ស.ស.យ.ក. រួមទាំងប្រជាពលរដ្ឋខ្មែរគ្រប់រូប តែងទន្ទឹងរង់ចាំ។ កិច្ចព្រមព្រៀងនេះ មិនត្រឹមតែជាសាក្ខីភាពនៃការបញ្ចប់ជម្លោះព្រំដែនរវាង កម្ពុជា-ថៃ នោះទេ ប៉ុន្តែគឺជាមូលដ្ឋានសំខាន់ក្នុងការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ និងការកែលម្អស្ថានការណ៍ឱ្យល្អប្រសើរឈានទៅរកប្រក្រតីភាពនាពេលអនាគត។

ក្នុងនាមជាប្រជាជនខ្មែរ យើងសូមថ្លែងអំណរគុណជូនចំពោះ លោក លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ដែលបានរួមចំណែកជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ នេះឡើង ដោយនាំមកនូវសុខសន្តិភាពដល់ប្រជាជាតិនៃប្រទេសទាំងពីរ៕