2025-10-26 16:24
8

ភ្នំពេញ៖ កិច្ចព្រមព្រៀងសន្តិភាព គឺជាកិច្ចព្រមព្រៀងជាផ្លូវការ និងទូលំទូលាយជាងកិច្ចព្រមព្រៀងឈប់បាញ់ មានគោលបំណង ដើម្បីបញ្ចប់ជាផ្លូវការនៃសង្គ្រាម ឬជម្លោះ។ នេះ គឺជាការលើកឡើងរបស់លោកឧបនាយរដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្រោយពីបញ្ចប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ដោយមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានអាស៊ាន។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា «កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ បានចុះហត្ថលេខាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាស្ថាពរ ដែលបានផ្តើមចេញពីកិច្ចប្រជុំពិសេសរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំដោយសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។ បទឈប់បាញ់មួយ ក៏បានចូលជាធរមាន ការពិភាក្សា និងការរៀបចំផែនការអនុវត្តជាច្រើនត្រូវបានរៀបចំឡើងជាបន្តបន្ទាប់»។ 

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា៖ «កិច្ចព្រមព្រៀងសន្តិភាព ជាកិច្ចព្រមព្រៀងជាផ្លូវការ និងទូលំទូលាយជាងកិច្ចព្រមព្រៀងឈប់បាញ់ មានគោលបំណងដើម្បីបញ្ចប់ជាផ្លូវការនៃសង្គ្រាម ឬជម្លោះ រួមមានការពិភាក្សាអំពី៖ ការដាក់អាវុធចុះ និងស្ដារទំនាក់ទំនងសង្គម សិទ្ធិមនុស្ស ឆ្ពោះទៅរកសុខដុមនិងទំនាក់ទំនងល្អឡើងវិញ»

ប្រមុខដឹកនាំក្រសួងការពារជាតិ បានបន្ថែមថា៖ «កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា និងការជួយសម្របសម្រួលដោយបណ្តារប្រទេសជាមិត្ត បានពូនជ្រំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃនេះ។ នេះហើយជាតម្លៃសន្តិភាព នេះហើយអ្វីដែលកម្ពុជាតែងតែឱ្យតម្លៃជាទីបំផុត»