ប៉ារីស៖ ប្រធានរដ្ឋសភាបារំាង លោកស្រី យ៉ាឯល ប្រូន-ពីវេ (Yaël Braun-Pivet) បានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរ កាលពីថ្ងៃទី២៦ ខែតុលា ថ្មីៗនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមាន និងធ្វើជាសាក្សីដោយប្រធានអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
ការអបអរសាទររបស់ប្រធានរដ្ឋសភាបារំាង បានធ្វើឡើងនៅក្នុងឱកាសលោកស្រីបានជួបពិភាក្សាការងារជាមួយ សម្តេចប្រធានសភាកម្ពុជា ឃួន សុដារី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្នុងពេលសម្តេចអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារំាង។
សម្តេចប្រធានរដ្ឋសភា មានក្តីសោមន្សរីករាយ ដែលបានជួបលោស្រីប្រធានសភាបារាំងជាថ្មីម្តងទៀត បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយគ្នា អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីពិភពលោក កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។ សម្តេចបានថ្លែងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់លោកស្រីដែលជាជនឆ្នើមផ្នែកសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ កាលពីឆ្នាំមុន ប្រធានសភាស្រ្តីមកពីជុំវិញពិភពលោកបានមកជួបជុំគ្នា ដើម្បីបង្ហាញពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តរួមគ្នាជាមួយនឹងសកម្មភាពជាក់ស្តែងក្នុងការពង្រឹងសមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិអំណាចដល់ស្រ្តី។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណរដ្ឋសភាបារំាងដែលជានិច្ចកាលតែងតែគំាទ្ររដ្ឋសភាកម្ពុជា ពិសេសការផ្តល់ជំនួយបច្ចេកទេសដូចជាការគំាទ្រដំណើរការរអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភា ទៅជាសភាឌីជីថល។ គម្រោងគាំទ្រ ផ្នែកកសាងសមត្ថភាពនេះ កំពុងត្រូវបានដំណើរការយ៉ាងសកម្ម ហើយទទួលបានលទ្ធផលផ្លែផ្កាជាបណ្តើរៗ។ ការកែទម្រង់សភាឌីជីថល ពិតជាមានសារៈសំខាន់ក្នុងការជំរុញ និងលើកកម្ពស់ការផ្តល់សេវាសំខាន់នានាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដែលនេះជាផ្នែកមួយនៃការពង្រឹងអភិបាលកិច្ចល្អ ដោយធានាបាននូវគណនេយ្យភាព និងតម្លាភាព។
លោកស្រី យ៉ាឯល ប្រូន-ពីវេ បានថ្លែងការកោតសរសើរយ៉ាងក្រៃលែងចំពោះតួនាទីរបស់កម្ពុជា ក្នុងអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង ជាពិសេសការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។ លោកស្រីប្រធានរដ្ឋសភាបារាំង បានគូសបញ្ជាក់ថា «រដ្ឋសភាបារំាង បានបង្កើតក្រុមការងារ ដើម្បីចួលរួមរៀបចំកិច្ចប្រជុំកំពូលនេះ ឱ្យទទួលបានជោគជ័យ»។ លោកស្រីបានបញ្ជាក់បន្ថែមថា៖ «ហ្រ្វង់កូហ្វូនី មិនមែនជារបស់ប្រទេសណាមួយនោះទេ គឺជារបស់រួមទំាងអស់គ្នា»។
ប្រធានរដ្ឋសភាកម្ពុជា និងបារំាងបានពិភាក្សាគ្នាជាច្រើនអំពីសន្តិភាព។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា «ក្នុងបរិបទពិភពលោកបច្ចុប្បន្ន យន្តការការទូតសភា កាន់តែមានតួនាទីសំខាន់ខ្លាំងឡើង។ ការផ្លាស់ប្តូរទស្សនកិច្ច ការជួបពិភាក្សាគ្នា ការចូលរួម និងការគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ពិតជាមានសារៈសំខាន់ក្នុងការពង្រឹងនូវការជឿទុកចិត្តគ្នា ការគាំទ្រគ្នា និងការយោគយល់គ្នា ឈានទៅកសាងពិភពលោកមួយដែលមានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម»។
សម្តេចរដ្ឋសភាធិបតី ឃូន សុដារី បានគូសបញ្ជាក់ថា “កម្ពុជាស្រឡាញ់សន្តិភាព” ដូច្នេះកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានតម្លៃណាស់។ កម្ពុជាមិនចង់ឃើញសង្រ្គាមសាជាថ្មី ដូចដែលបានជួបប្រទះក្នុងអតីតកាលនោះទេ។ ដូច្នេះកម្ពុជាតែងតែសំណូមពរដល់អន្តរជាតិជួយលើកទឹកចិត្តឱ្យការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋប្រទេសទំាងពីរជាយូរអង្វែងតទៅ។
ឈ្លាតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានអញ្ជើញលោកស្រី យ៉ាអែល ប្រូន-ភីវេ ដឹកនាំគណៈប្រតិភូរដ្ឋសភាបារាំងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសស្ថាប័ននីតិប្បញ្ញត្តិ ឱ្យកាន់តែល្អប្រសើរ និងរឹងមាំឡើងថែមទៀត ផងដែរ៕





