2025-10-28 12:13
6

ហុងគ្រី៖ បន្ទាប់ពីជំនួបពិភាក្សារងារទ្វេភាគី រវាងសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ រួចមក ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងបានអញ្ជើញធ្វើជាអធិបតីភាព ក្នុងការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ ផងដែរ។

អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសភារវាងរដ្ឋសភានៃប្រទេសហុងគ្រី និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាដោយសម្តេចរដ្ឋសភា ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី។ ចំណែក អនុស្សរណៈនៃការយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខាដោយ លោកបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា តំណាង លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និង លោក ជឺរជី ស៊ុច (György Such) អគ្គលេខាធិការរដ្ឋសភា ប្រទេសហុងគ្រី។

អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានាពេលនេះ មានសារៈសំខាន់បំផុត នៅក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ នៅគ្រប់កម្រិត ទំាងក្នុងកម្រិតរដ្ឋសភា និងអគ្គលេខាធិការដ្ឋាន ដូចជាក្នុងការជំរុញឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ច ការចែករំលែកបទពិសោធន៍ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ការលើកកម្ពស់ភាពជាដៃគូ និងការបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តី នៃរដ្ឋសភាប្រទេសទំាងពីរជាដើម។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោក ឡាស្លូ កូវឺរ ចាត់ទុកអនុស្សរណៈនៃការយោគយល់គ្នា ដែលរដ្ឋសភាប្រទេសទំាងពីរ ដែលបានចុះហត្ថលេខានាពេលនេះ ជាទំព័រប្រវត្តិសាស្រ្តថ្មីមួយ នៃទំនាក់ទំនងល្អរវាងប្រទេសទំាងពីរដែលមានតំាងពីយូរលុងណាស់មកហើយនោះ។ អនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រទេសទំាងពីរ ក្នុងការលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន ពីព្រោះរដ្ឋសភាប្រទេសទំាងពីរ ជាស្ថាប័នតំណាងឱ្យប្រជាពលរដ្ឋ៕