2025-10-27 14:02
10

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៧ ខែតុលានេះ បានចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជា “ប្រវត្តិសាស្ត្រ” រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សេចក្តីថ្លែងការណ៍នេះ ដែលមានវត្តមានជាសាក្សីដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបើកនូវទំព័រថ្មីមួយជាសារវន្តនៅក្នុងការស្វែងរកសន្តិភាព និងបន្តកិច្ចសហប្រតិបត្តិការ បន្ទាប់ពីមានអរិភាពនៅតំបន់ព្រំដែននាពេលថ្មីៗនេះ។ នេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុតរបស់ជាតិ ដែលជាការបញ្ជាក់ឡើងវិញនូវការ ប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដូចមានចែងនៅក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

ព្រឹទ្ធសភាកម្ពុជាសូមគាំទ្រជាពិសេសចំពោះក្របខ័ណ្ឌដែលមានលក្ខណៈជាក់ស្តែង និងគ្រប់ជ្រុងជ្រោយ ដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍នេះ។ វិធានការទាំងអស់នេះ គឺជាការផ្តល់អាទិភាព ដល់សុវត្ថិភាព និងសន្តិសុខប្រជាជនកម្ពុជា និងការពារផលប្រយោជន៍ជាតិ តាមរយៈការដាក់ចេញនូវ វិធានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ការដោះស្រាយក្តីកង្វល់ផ្នែកមនុស្សធម៌សំខាន់ៗ រួមទាំង ការដោះលែងវីរយុទ្ធជនកម្ពុជាដែលកំពុងជាប់ឃុំ និងការបង្កើតជាផ្លូវការនូវយន្តការទ្វេភាគី និងតំបន់ដ៏រឹងមាំ តួយ៉ាង ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាបាននូវស្ថិរភាពយូរអង្វែង និងការបន្តកិច្ចសន្ទនាលើបញ្ហាព្រំដែនដែលនៅសេសសល់។ ជំហរប្រកបដោយសង្គតិភាពរបស់កម្ពុជាគឺរាល់បញ្ហា ព្រំដែនត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

ព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះតួអង្គសម្របសម្រួលអន្តរជាតិ សំខាន់ៗដែលបានរួមចំណែកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការធ្វើឱ្យដំណោះស្រាយនេះលេចចេញជារូបរាងឡើង ជាពិសេសចំពោះ លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចំពោះតួនាទីដ៏ម៉ឺងម៉ាត់របស់លោកក្នុងការធានានូវ បទឈប់បាញ់ដំបូង និងការជំរុញបរិយាកាសការទូតសម្រាប់កិច្ចព្រមព្រៀងនេះ។

ព្រឹទ្ធសភាកម្ពុជាក៏ សូមកោតសរសើរយ៉ាងខ្លាំងចំពោះ លោក ដាតុ សេរី អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធានអាស៊ាន ចំពោះការគាំទ្រមិនងាករេ និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ប្រកបដោយស្ថាបនារបស់លោកផងដែរ។

ព្រឹទ្ធសភាកម្ពុជា ប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលនៅក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមនេះ បានពេញលេញ និងហ្មត់ចត់បំផុត។ យើងសង្ឃឹមយ៉ាងមុតមាំថា “កិច្ចព្រមព្រៀងនេះនឹងបើកទំព័រថ្មី” សំដៅផ្លាស់ប្តូរតំបន់ព្រំដែនរួមគ្នារបស់ប្រទេសទាំងពីរ ពីប្រភពនៃភាពតានតឹង ទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងប្រជាជនថៃ៕