2025-10-27 13:57
11

គូឡាឡាំពួរ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្រ្តីទី១ នៃកម្ពុជា ក៏ដូចលោកភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ាន អញ្ជើញទស្សនាមជ្ឈមណ្ឌលវប្បធម៌ Seri Negara(សេរីណេហ្គារ៉ា) និងទស្សនាការតាំងពិព័រណ៌ Kebaya Exhibition នៅរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

វត្តមាននៃការអញ្ជើញដល់របស់លោកជំទាវបណ្ឌិត និងលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងដៃគូសន្ទនា អាស៊ាន ត្រូវបានធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោកជំទាវ Dato Seri Wan Isamil ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកជំទាវ Sri Hajah Nancy Shukri រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អភិវឌ្ឍន៍គ្រួសារ និងសហគមន៍ ព្រមទាំងលោកជំទាវភរិយាថ្នាក់ដឹកនាំរដ្ឋាភិបាលម៉ាឡេស៊ី ជាច្រើនរូប។

សូមបញ្ជាក់ថា Seri Negara(សេរីណេហ្គារ៉ា)សំដៅលើ កាកូសា សេរីណេហ្គារ៉ា ដែលជាអគារវិមានអាណានិគមប្រវត្តិសាស្ត្រមួយនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃសួនរុក្ខសាស្ត្រ Perdana។ ដើមឡើយត្រូវបានសាងសង់ជាលំនៅដ្ឋានផ្លូវការរបស់ឧត្តមស្នងការអង់គ្លេស និងជាផ្ទះសំណាក់ ឥឡូវនេះ ក្លាយជាសណ្ឋាគារប្រណីត និងជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលត្រូវបានគេស្គាល់ដោយសារស្ថាបត្យកម្មរចនាបថ Tudor របស់វា ដើរតួនាទីក្នុងចលនាឯករាជ្យ និងប្រើប្រាស់ជាទីតាំងថតរឿង Crazy Rich Asians។ 

នៅក្នុងនៃការអញ្ជើញទស្សនា មជ្ឈមណ្ឌលវប្បធម៌ និងទីតាំងពិព័រណ៌របស់ម៉ាឡេស៊ី លោកជំទាវបណ្ឌិត ក៏ដូចលោកជំទាវភរិយាមេដឹកនាំអាស៊ាន បានថ្លែងអំណរគុណ ជូនចំពោះលោកជំទាវ Dato Seri Wan Isamil ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលបានរៀបចំឱ្យមានកម្មវិធីទស្សនកិច្ចមជ្ឈមណ្ឌលជាប្រវត្តិសាស្រ្ត ក្នុងប្រទេសម៉ាឡេស៊ី ពិសេសបានស្គាល់ និងយល់ដឹងពីវប្បធម៌ប្រពៃណីរបស់ប្រទេសម៉ាឡេស៊ី ពីអតីតកាល និងរហូតមកដល់សម័យទំនើបយើងនេះ៕