2025-10-27 14:29
12

កម្ពុជា បានសម្រេចលុបបំបាត់ពន្ធគយ លើទំនិញឧស្សាហកម្ម និងផលិតផលកសិកម្មទាំងអស់ដែលនាំចូលពីសហរដ្ឋអាមេរិក ខណៈដែលអាមេរិក កំណត់យកពន្ធគយ ១៩% លើទំនិញនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារសហអាមេរិក។ 

បើយោងតាមការចេញផ្សាយរបស់សេតវិមាន បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា និងអាមេរិក បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ 

កិច្ចព្រមព្រៀងពាណិជ្ចកម្មនេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបលើបញ្ហារបាំងមិនមែនពន្ធគយ, ការពារសិទ្ធិការងារដែលទទួលស្គាល់ជាអន្តរជាតិ និងរួមបញ្ចូលការប្តេជ្ញាចិត្តលើពាណិជ្ជកម្មឌីជីថល, សេវាកម្ម, ការវិនិយោគ, កម្មសិទ្ធិបញ្ញា និងការអនុវត្តរបស់សហគ្រាសគ្រប់គ្រងដោយរដ្ឋ។

ប្រធានាធិបតីអាមេរិម លោក ដូណាល់ ត្រាំ បានចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងកម្ពុជា គឺជាថា «ល្អសម្រាប់ប្រទេសទាំងពីរ»។
អ្នកវិភាគនយោបាយអន្តរជាតិ បានបញ្ជាក់ថា កិច្ចព្រមព្រៀងថ្មីនេះ បង្ហាញពីការរីកចម្រើនយុទ្ធសាស្ត្ររបស់អាមេរិកក្នុងតំបន់អាស៊ាន ដោយពង្រឹងសម្ព័ន្ធជាមួយប្រទេសកម្ពុជា ដែលមានទីតាំងយុទ្ធសាស្ត្រសំខាន់នៅមជ្ឈមណ្ឌលអាស៊ាន។

ក្នុងកំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ កាលពីថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសម៉ាឡេស៊ី, កម្ពុជា និងវៀតណាម ព្រមទាំងកិច្ចព្រមព្រៀងរ៉ែសំខាន់ៗ ជាមួយប្រទេសថៃ បន្ទាប់ពីលោកបានធ្វើជាសាក្សីលើកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ៕