សហរដ្ឋអាមេរិក នឹងដកការហាមឃាត់លើការលក់សព្វាវុធ និងឧបករណ៍យោធាទៅប្រទេសកម្ពុជា ដែលបានដាក់អនុវត្តតាំងពីឆ្នាំ ២០២១ មក។ អាមេរិក និងកម្ពុជា បានព្រមព្រៀងគ្នារៀបចំឡើងវិញនូវការធ្វើសមយុទ្ធការពារជាតិទ្វេភាគី “Angkor Sentinel” ក្រោយខកខានធ្វើជិត ១០ឆ្នាំ កន្លងមកនេះ។
ទន្ទឹមនឹងនោះ អាមេរិក ក៏នឹងបង្កើនកៅអីសម្រាប់មន្រ្តីកម្ពុជា ដើម្បីសិក្សានៅមហាវិទ្យាល័យយោធារបសអាមេរិក រួមមាន West Point បណ្ឌិតសភាកងទ័ពអាកាស និងផ្សេងៗទៀត។
សេចក្តីប្រកាសបានបញ្ជាក់ថា ការសម្រេចចិត្តនេះ មកពីការកែលម្អទំនាក់ទំនងយោធា និងសន្តិសុខរវាងអាមេរិកនិងកម្ពុជា បន្ទាប់ពីការចរចារយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលទាំងពីរ។
តាមការបញ្ជាក់របស់សេតវិមាន សមយុទ្ធ “Angkor Sentinel” នឹងផ្តោតលើការពង្រឹងសមត្ថភាពរួមក្នុងការទប់ស្កាត់គ្រោះថ្នាក់បញ្ញើសន្តិសុខ ត្រៀមប្រតិបត្តិការជួយសង្គ្រោះ និងបង្កើនសមត្ថភាពសហការយោធារវាងកងទ័ពទាំងពីរ។
ការសម្រេចចិត្តដកបំរាមលក់សព្វាវុធនេះ ត្រូវបានពិចារណាថា ជាជំហានសំខាន់មួយក្នុងការស្ដារទំនាក់ទំនងយោធាអាមេរិក-កម្ពុជា ដែលបានស្ថិតនៅក្នុងភាពតានតឹងជាច្រើនឆ្នាំកន្លងមក។
ជាមួយគ្នានេះ អាមេរិក និងកម្ពុជា បានព្រមព្រៀងគ្នា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំងអង្គការឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងអ្នកជួញដូរគ្រឿងញៀន និងមជ្ឈមណ្ឌលបោកប្រាស់តាមអ៉ីនធឺណិត៕




