2025-10-31 11:37
13

ប៉ារីស៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភា បារាំង-កម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅក្នុងនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋបារាំង ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។

សម្តេចប្រធានរដ្ឋសភា បានបង្ហាញក្តីសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះ លោក ថូម៉ាស់ ឡាំ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនៅក្នុងឱកាសនេះ។

សម្តេច ឃួន សុដារី បានគូសបញ្ជាក់ថា «ចំណងមិត្តភាពជាប្រវត្តិសាស្រ្ត កម្ពុជា-បារំាង មានការរីកចម្រើនគួរកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៃថ្នាក់ដឹកនាំប្រទេសទំាងពីរ»។

ទំនាក់ទំនងកម្ពុជា-បារំាង ពូនជ្រំដោយអតីត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតកោដ្ឋ” និងបានបន្តថែរក្សាលើកកម្ពស់ជាលំដាប់ដោយសម្តេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នបន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចផ្លូវការ និងដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦ របស់ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (President Emmanuel Macron)នៅកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងប្រទេសទំាងពីរកាន់រឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្រុមមិត្តភាព បារាំង-កម្ពុជា បានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចបានស្នើ លោក ថូម៉ាស់ ឡាំ រៀបចំនូវសកម្មភាព និងគំនិតផ្ដួចផ្ដើមបន្ថែមទៀត ដើម្បីតភ្ជាប់ទំនាក់ទំនងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងជំរុញការយោគយល់គ្នាទៅវិញទៅមក។

សម្តេចប្រធានសភាកម្ពុជា បានបន្តថា យុវជនកម្ពុជា បច្ចុប្បន្នបានងាកមកសិក្សាភាសាបារំាងកាន់តែច្រើន ហើយពលរដ្ឋកម្ពុជា នៅតែមានការកំាទ្រផលិតផលបារំាង ដូចជាឱសថ ជាដើម។ ដូច្នេះអ្នកវិនិយោគបារំាងគួរឆ្លៀតឱកាសនេះ ដើម្បីវិនិយោគនៅកម្ពុជា។ សូមកុំសម្លឹងកម្ពុជាត្រឹមកម្ពុជា ១៧ លាននាក់ តែសម្លឹងកម្ពុជាក្នុងក្របខណ្ឌអាស៊ាន និង RCEP ដែលមានប្រជាពលរដ្ឋរាប់រយលាននាក់។

លោកប្រធានក្រុមមិត្តភាពរដ្ឋសភា បារំាង-កម្ពុជា បានគំាទ្រប្រសាសន៍លើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា និងបានបញ្ជាក់ថា «លោកនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការ បារំាង-កម្ពុជា ឱ្យកាន់តែរឹងមាំឡើង។ លោកបានអបអរសាទរការទទួលធ្វើជាម្ចាស់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងសូមឱ្យកម្ពុជាទទួលបានជោគជ័យនៅក្នុងការរៀបចំកិច្ចប្រជុំនោះ»។

លោក ថូម៉ាស់ ឡាំ បានជម្រាបសម្តេចថា ក្នុងបេសកកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ នៅឆ្នាំ២០២៦ ខាងមុខនេះ លោកនឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។ គម្រោងនេះទទួលបានការគំាទ្រ និងស្វាគមន៍យ៉ាងពេញទំហឹងពីសំណាក់សម្តេចប្រធានរដ្ឋសភា។  

សម្តេចប្រធានរដ្ឋសភា និងលោក ថូម៉ាស់ ឡាំ បានពិភាក្សាគ្នាពីសន្តិភាព។ សម្តេចលើកឡើងថា កម្ពុជាចង់ឃើញកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលានេះ អនុវត្តមានប្រសិទ្ធភាពខ្ពស់ ធានាសុខសន្តិភាពបានជាយូរអង្វែងតទៅ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះវេទិកាសន្តិភាពបារីសលើកទី៨ ដែលប្រទេសបារំាងបានរៀបចំឡើងគឺជាឱកាស សម្រាប់ការពិភាក្សា និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហានានាដែលពលរដ្ឋកំពុងប្រឈម៕