 
                (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនបានអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដុះវិជ្ជាជីវៈ ដែលត្រូវបានរៀបចំឡើងក្នុងខែតុលាកន្លងទៅ ហើយមិនទាន់មានការងារធ្វើ នៅតែអាចទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានការងារធ្វើ និងការរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ 
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) អាជ្ញាធរខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តព្រៃវែង និងខេត្តកំពង់ធំ និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនបងប្អូនពលករត្រឡប់មកពីថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ។ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នេះ បានបញ្ចប់ដោយជោគជ័យហើយ ដោយមានអ្នកចូលរួមសរុបជាង ៥ពាន់នាក់ និងអ្នកទទួលបានការងារធ្វើភ្លាមៗជាង ២ពាន់នាក់។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៣១ ខែតុលានេះថា សម្រាប់បងប្អូនពលករខ្មែរត្រឡប់មកពីថៃ ពិសេសបងប្អូនមានទីលំនៅ ក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលមានធុរៈមិនបានចូលរួមក្នុងពិព័រណ៍កន្លងទៅ ហើយកំពុងស្វែងរកការងារធ្វើ ឬការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្សេងៗ នៅតែអាចទាក់ទងមកលេខ ១២៩៧។ 
លោកបន្ថែមថា ការទាក់ទងមកលេខ ១២៩៧ នេះ គឺដើម្បីឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយស្វែងការងារឱ្យបងប្អូនធ្វើ ឬចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ។ 
អ្នកនាំពាក្យក្រសួងការងារ បានបន្ថែមទៀតថា «ខ្ញុំសូមអំពាវនាវឱ្យបងប្អូនពលករខ្មែរត្រឡប់មកពីថៃ ពិសេសបងប្អូននៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់ទទួលបានការងារធ្វើ សូមបងប្អូនទាក់ទងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ ឬក៏ឱកាសរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ ក៏ដូចជាព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស.»។ 
បើតាមលោក ស៊ុន មេសា ដដែល គិតត្រឹមថ្ងៃទី២៤ ខែតុលាកន្លងទៅនេះ នៅទូទាំងប្រទេសកម្ពុជា នៅសល់ឱកាសការងារជាង ៧ម៉ឺនកន្លែងថែមទៀត ហើយគិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុនដែរ បងប្អូនពលករខ្មែរត្រឡប់មកពីថៃ ទទួលបានការងារធ្វើជាង ២៦ម៉ឺននាក់៕







 
                         
                                 
                                 
                                