 
                បន្ទាយមានជ័យ៖ ក្រុមជនជ្រុលនិយមដែលមានសមាជិកប្រមាណជា ៥០ នាក់ បានប្រមូលផ្តុំគ្នានៅតំបន់ជិតព្រំដែនកម្ពុជា-ថៃ ដោយមាន វិរៈស៊ុម ខ្វាឃីត ជាអ្នកដឹកនាំ ក្នុងគោលបំណងទាមទារឱ្យកងទ័ពរបស់ខ្លួន ចាត់វិធានការបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃចោទប្រកាន់ពលរដ្ឋខ្មែរ បានតាំងទីលំនៅលើទឹកដីខ្លួន ប៉ុន្តែ ត្រូវបានកម្ពុជាបដិសេធជាបន្តបន្ទាប់ចំពោះការចោទប្រកាន់នេះ។
ក្រុមជនជ្រុលនិយមថៃ ដឹកនាំដោយ បុគ្គល វិរៈស៊ុម ខ្វាឃីត បានប្រមូលផ្តុំគ្នានេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ 
តាមរូបភាព និងព័ត៌មានបង្ហោះលើបណ្តាញសង្គម ពួកគេលើកឡើងថា «បើសិនកងទ័ពថៃ មិនធ្វើការបណ្តេញប្រជានជនកម្ពុជាចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យទេ ពួកគេនឹងចូលមកបណ្តេញប្រជាពលរដ្ឋខ្មែរដោយខ្លួនឯងតែម្តង»។ ទោះបីជាយ៉ាងណា កងកម្លាំងថៃបានរារាំង និងទប់ស្កាត់មិនឱ្យជនជ្រុលនិយម វិរៈស៊ុម ខ្វាឃីត និងបក្ខពួកចូលអុកឡុកទេ។ 
សូមជម្រាបថា កាលពីឆ្នាំ២០១១ វិរៈស៊ុម ខ្វាឃីត ជាក្រុមជ្រុលនិយមថៃ និងជាសមាជិកក្រុមប្រយុទ្ធប្រឆាំងអំពើពុករលួយ «Thai Patriots Network» ត្រូវបានចាប់ខ្លួននៅតំបន់ព្រំដែនកម្ពុជា ជាមួយនឹងសមាជិកផ្សេងទៀត ដោយពួកគេចូលក្នុងទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាត។ ការចូលមកនេះត្រូវបានកម្ពុជា ចាត់ទុកជាការរំលោភអធិបតេយ្យភាព។
ក្រោយការចាប់ខ្លួន បុគ្គល វិរៈស៊ុម ខ្វាឃីត ត្រូវបានតុលាការកាត់ទោសឱ្យជាប់គុក ៨ឆ្នាំ ពីបទ៖ «ឆ្លងដែនចូលប្រទេសខុសច្បាប់ និងបង្កភាពអសន្តិសុខ»។ ក្រោយពេលជាប់ពន្ធនាគារ ក្រុមជនជាតិថៃ និងសមាជិកសភា បានធ្វើសំណើសុំអភ័យទោសទៅសម្ដេចព្រះមហាក្សត្រនៃកម្ពុជា ត្រូវលើកលេងទោស និងដោះលេងបញ្ជូនទៅប្រទេសថៃវិញ៕







 
                         
                                 
                                 
                                