2025-11-01 11:30
11

ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul បានជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃសុក្រនៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង ក្នុងជំនួបសេដ្ឋកិច្ច APEC លើកទី៣២ (AELW)។ កិច្ចពិភាក្សានេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសថៃ និងចិន។

តាមការចេញផ្សាយដោយកាសែតថៃ The Nation បានឲ្យដឹងថា លោក Anutin Charnvirakul បានរំលឹកប្រធានាធិបតីចិន Xi Jinping ឱ្យបន្តកិច្ចព្រមព្រៀងនាំចេញអង្កររបស់ប្រទេសថៃចំនួន ៥០០,០០០ តោនក្នុងអំឡុងពេលកិច្ចប្រជុំ APEC។  

យោងតាម លោក Siripong អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឲ្យដឹងបន្ថែមថា បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ លោក Anutin បាននិយាយទៅកាន់ លោក Xi ថា "កុំភ្លេចទិញអង្ករ" ។

លើសពីនេះ មុនពេលចេញដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង លោក Anutin ក៏បានឆ្លៀតប្រាប់អ្នកសារព័ត៌មានថា គោលបំណងសំខាន់មួយរបស់គាត់ក្នុងកិច្ច្រជុំនេះ គឺជំរុញឱ្យប្រទេសចិនពន្លឿនការទិញអង្ករថៃចំនួន ៥០០,០០០ តោន ដើម្បីជួយបង្កើតប្រាក់ចំណូលសម្រាប់កសិកររបស់ប្រទេសខ្លួន៕