 
                ថៃ៖ កាលពីថ្ងៃពុធ កន្លងទៅ ប៉ូលិសថៃបានចាប់ខ្លួនអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមម្នាក់ ដែលមានអ្នកតាមដានរហូតដល់ 180,000 នាក់ ពីបទផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះបើតាមការចេញផ្សាយដោយ Khaosod។
យោងតាមការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបានឲ្យដឹងថា អ្នកមានឥទ្ធិពលល្បីល្បាញលើបណ្ដាញសង្គមថៃខាងលើ មានឈ្មោះថា Apasra “Earn Earn” ដោយនាងបានបង្ហោះវីដេអូ និងសារដែលជំរុញឱ្យមនុស្សលេងល្បែងតាមអ៊ីនធឺណិតដោយគ្មានការអនុញ្ញាត។
បន្ទាប់ពីកសាងសំណុំរឿងរួច តុលាការស្រុកដុនមឿងក្នុងទីក្រុងបាងកកបានកាត់ទោសនារីខាងលើឱ្យជាប់ឃុំឃាំងរយៈពេលពីប្រាំមួយឆ្នាំ បន្ថយមកត្រឹមបីឆ្នាំវិញ ក្រោយពីនាងបានសារភាពរាល់ទោសកំហុសរបស់ខ្លួន។
បន្ថែមពីនោះ អាជ្ញាធរបានព្រមានអ្នកមានឥទ្ធិពលលើបណ្ដញសង្គមថៃទាំងអស់ថា ការផ្សាយពាណិជ្ជកម្ម ឬការអញ្ជើញអ្នកដ៏ទៃឱ្យលេងល្បែងអនឡាញ គឺជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្រោមច្បាប់ថៃ ហើយនឹងត្រូវកាត់ទោសយ៉ាងតឹងរ៉ឹងបំផុត៕





 
                         
                                 
                                 
                                