ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា នៅថ្ងៃព្រហស្បតិ៍នេះថា លោកបានផ្តល់ការអនុញ្ញាតដល់កូរ៉េខាងត្បូងឱ្យសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាជំហានដ៏អស្ចារ្យមួយដែលនឹងធ្វើឱ្យទីក្រុងសេអ៊ូល ចូលរួមក្នុងក្រុមតូចនៃប្រទេសដែលមាននាវាប្រភេទនេះ។
លោក Trump បានសរសេរនៅលើបណ្តាញសង្គមថា «នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនេះនឹងត្រូវបានសាងសង់នៅក្នុងកន្លែងផលិតនាវាមួយ នៅទីក្រុង Philadelphia shipyard ជារោងចក្រផលិតនាវារបស់ក្រុមហ៊ុនកូរ៉េខាងត្បូងបានបង្កើនការវិនិយោគ»។ នេះបើយោងតាមចុះផ្សាយរបស់ទីភ្នាក់ងារ Reuters នៅថ្ងៃទី៣០ ខែតុលានេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung Jae និងមេដឹកនាំសំខាន់ៗផ្សេងទៀត ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅកូរ៉េខាងត្បូង បាននិយាយថា “ទីក្រុងសេអ៊ូលបានយល់ព្រមទិញប្រេង និងឧស្ម័នរបស់សហរដ្ឋអាមេរិកក្នុងបរិមាណដ៏ច្រើន”។
លោក Trump និងលោក Lee បានបញ្ចប់សេចក្តីលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏តានតឹងមួយនៅក្នុងកំឡុងកិច្ចប្រជុំកំពូលនៅកូរ៉េខាងត្បូងកាលពីថ្ងៃពុធនេះ។ ប្រធានាធិបតីកូរ៉េ លោក Lee ក៏ធ្លាប់បានស្វះស្វែងសុំការអនុញ្ញាតពីសហរដ្ឋអាមេរិក ដើម្បីឱ្យកូរ៉េខាងត្បូងកែច្នៃឥន្ធនៈនុយក្លេអ៊ែរឡើងវិញផងដែរ។
សូមជម្រាបថា ទីក្រុងសេអ៊ូល ត្រូវបានរារាំងពីការស្តីបន្ទោសដោយមានការហាមឃាត់ពីសហរដ្ឋអាមេរិក មិនអនុញ្ញាតឱ្យកែច្នៃឡើងវិញនូវឥន្ធនៈនុយក្លេអ៊ែរ ក្រោមកតិកាសញ្ញារវាងប្រទេសនានា។
លោក Trump បានសរសេរនៅលើវេទិកាសង្គមរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ថា «ខ្ញុំបានផ្តល់ការយល់ព្រមដល់ពួកគេក្នុងការបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ជាជាងនាវាមុជទឹកដែលប្រើប្រេងឥន្ធនៈ (ម៉ាស៊ូត) ចាស់គំរិលហើយមិនសូវមានភាពរហ័សរហួនដូចនាវាមុជទឹកដែលប្រើប្រាស់នាពេលបច្ចុប្បន្ននេះ»។
ក្រសួងឧស្សាហកម្មរបស់កូរ៉េខាងត្បូង បាននិយាយថា «មន្ត្រីរបស់ខ្លួនមិនបានចូលរួមក្នុងការពិភាក្សាលម្អិតណាមួយ អំពីការសាងសង់នាវាមុជទឹកនៅទីក្រុងហ្វី Philadelphia នោះទេ»៕





