ថៃ៖ កាសែតថៃ Khaosod ចុះផ្សាយថា៖ លោក Srisuwan ប្រធានអង្គការស្នេហាជាតិ និងដីធ្លីថៃ នៅថ្ងៃទី២៩ ខែតុលានេះ បានដាក់ពាក្យបណ្តឹងចោទប្រកាន់លោក Anutin ទៅកាន់ការិយាល័យគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ដើម្បីស្នើសុំឱ្យមានការស៊ើបអង្កេតនាយករដ្ឋមន្រ្តីថៃ ។ ទាក់ទងនឹងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្ររវាងថៃ និងសហរដ្ឋអាមេរិក ដោយចោទថាមានការលាក់បាំងព័ត៌មានពីសាធារណជន ឬប្រព័ន្ធផ្សព្វផ្សាយមុនពេលចុះហត្ថលេខា។ ទង្វើរបស់នាយករដ្ឋមន្រី្តថៃ អាចប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍របស់ប្រទេសជាតិថៃ។
កាសែតថៃដ៏ដែលបន្តថា នេះជាលទ្ធផលដែលលោក Anutin មិនបានជូន ដំណឹងដល់សាធារណជន ឬប្រព័ន្ធផ្សព្វផ្សាយជាមុន ទោះបីជារឿងនោះមិនពាក់ព័ន្ធ នឹងការសម្ងាត់ សន្តិសុខជាតិក៏ដោយ។ ផ្ទុយទៅវិញវាជាបញ្ហាទាក់ទងនឹងអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ ដែលបង្ហាញយ៉ាងច្បាស់ពីចេតនាមិនស្មោះត្រង់របស់រដ្ឋាភិបាលដឹកនាំ ដោយលោក Anutin ។
ទោះបីជាមានការចុះហត្ថលេខានេះ មានការបំភ្លឺជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយក៏ពិតមែន តែហាក់បីមានការស្ទាក់ស្ទើរ មិនទាន់ពេញលេញ ជាពិសេសទាក់ទងនឹងផលប៉ះពាល់នៃការបំពុលបរិស្ថាន ដែលអាចកើតមានលើប្រជាជន និងបរិស្ថាន។
លោក Srisuwan និយាយថា សកម្មភាពរបស់នាយករដ្ឋមន្ត្រីថៃ អាចស្ថិតនៅក្រោមប្រភេទនៃការរំលោភលើក្រមសីលធម៌ធ្ងន់ធ្ងរ ដូចដែលបានកំណត់រួមគ្នាដោយរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ផ្នែកទី២១៩ សម្រាប់តុលាការធម្មនុញ្ញ និងអង្គការឯករាជ្យជាអ្នកកំណត់។
ជាពិសេសពាក់ព័ន្ធនឹងការហាមឃាត់ ទាមទារការការពារសិទ្ធិអធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ជាតិ សន្តិសុខរដ្ឋ។ល។ លើសពីនេះ មន្ត្រីត្រូវប្រកាន់ខ្ជាប់នូវនីតិរដ្ឋ ផ្តល់ព័ត៌មានពិត ពេញលេញ និងគ្មានការបំភ្លៃ សាធារណជន ឬប្រព័ន្ធផ្សព្វផ្សាយក្រោមការទទួលខុសត្រូវរបស់ខ្លួន ដែលអាចបណ្តាលឱ្យខូចខាតដល់សេចក្តីថ្លៃថ្នូររបស់មុខតំណែង។ រដ្ឋធម្មនុញ្ញឆ្នាំ 2017 ផ្នែកទី59 បូកនឹងមាត្រា 41 ចែងយ៉ាងច្បាស់ថា រដ្ឋត្រូវតែបញ្ចេញព័ត៌មានជាសាធារណៈ ព័ត៌មានមិនទាក់ទងនឹងសន្តិសុខជាតិ ឬជាសម្ងាត់របស់រដ្ឋ ហើយត្រូវធានាថាសាធារណៈជនអាចទទួលបានព័ត៌មានទាំងនោះយ៉ាងងាយស្រួល។
ប៉ុន្តែការចុះMOU ថៃ-អាមេរិក លើសារធាតុរ៉ែដ៏កម្រនេះ ត្រូវបានបិទបាំង រហូតដល់មានការបែកធ្លាយនិងត្រូវបានលាតត្រដាង ទើបមន្ត្រីជំនាញចេញមុខបកស្រាយបែបស្ទាក់ស្ទើរ។ លោក Srisuwan បាននិយាយថា គាត់កំពុងដាក់ញត្តិមួយ ដើម្បីទប់ស្កាត់កុំឱ្យរឿងនេះក្លាយជាគំរូសម្រាប់ការបំពេញមុខងារក្រៅនីតិរដ្ឋ។






