2025-10-29 11:11
18

ទីបញ្ជាការកងទ័ពភូមិន្ទថៃ កាលពីថ្ងៃអង្គារ៍ ទី២៨ ខែតុលាម្សិលមិញ បានបញ្ចេញវីដេអូនៃការផ្លាស់ទីរថក្រោះ M60A3 ចំនួន ០២ គ្រឿង ត្រឡប់ទៅមូលដ្ឋានដើមវិញ របស់ពួកគេក្នុងខេត្ត Saraburi ដោយអនុលោមតាមសេចក្តីប្រកាសរួម ឬហៅថា “កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ គូឡាឡាំពួរ” ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅកំឡុងមានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី ដែលមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។

ប្រព័ន្ធផ្សព្វផ្សាយថៃ បានដកស្រង់សម្តីដើម លោកឧត្តមសេនីយ៍ទោ Withai Laithomya អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ថា «ប្រតិបត្តិការនៃការដកអាវុធធន់ធ្ងន់ដំណាក់កាលដំបូង បានប្រព្រឹត្តទៅដោយរលូន កាលពីថ្ងៃទី២៨ ខែតុលានេះ ក្រោមការឃ្លាំមើលរបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) ដែលមានលោកវរសេនីយ៍ឯក Jaffny មកពីប្រទេសម៉ាឡេស៊ី និងលោកវរសេនីយ៍ត្រី Apolonio មកពីប្រទេសហ្វីលីពីន។

លោក Withai បាននិយាយថា សកម្មភាពនេះបង្កើតបានជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមសេចក្តីប្រកាសរួមដែលភាគីទាំងពីរបានចុះហត្ថលេខា ដើម្បីលើកកម្ពស់ទំនុកចិត្តទៅវិញទៅមក កាត់បន្ថយភាពតានតឹងតាមព្រំដែន និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង៕