2025-10-29 12:53
16

យ៉ាងហោចណាស់មនុស្ស ចំនួន ៦៤ នាក់ បានស្លាប់ ក្នុងនោះ មន្ត្រីប៉ូលីស ចំនួន ០៤ នាក់ នៅក្នុងការវាយឆ្មក់បង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនទ្រង់ទ្រាដ៏ធំមិនធ្លាប់មាន នៅទីក្រុង Rio de Janeiro កាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារ AFP នៅថ្ងៃពុធ ទី២៩ ខែតុលានេះ។

សាកសពបានគរជាគំនរ នៅក្នុងសង្កាត់ក្រីក្រមួយ នៃទីក្រុង Rio de Janeiro ខណៈដែលកងកម្លាំងប៉ូលីស និងទាហានបានចាប់ផ្តើមការវាយឆ្មក់ដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេទៅលើអ្នកជួញដូរគ្រឿងញៀនក្នុងទីក្រុងនេះ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៦៤ នាក់ បានស្លាប់នៅក្នុងការប្រយុទ្ធគ្នាដូច “សង្គ្រាម”។

កងកម្លាំងប្រដាប់អាវុធធុនធ្ងន់ ចំនួន ២ ៥០០នាក់ ដែលគាំទ្រដោយ រថពាសដែក ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើកបានចូលរួមក្នុងប្រតិបត្តិការកំណត់គោលដៅក្រុមជួញដូរគ្រឿងញៀនដ៏សំខាន់របស់ប្រទេសប្រេស៊ីល នៅក្នុងសង្កាត់ក្រីក្រ (Favelas) ក្នុងតំបន់ Complexo do Alemao និង Complexo da Penha ដែលគេដឹងថា ជាកន្លែងគ្រប់គ្រងដោយឧក្រិដ្ឋកម្ម នៃក្រុម Comando Vermelho (Red Command) នៅភាគខាងជើងទីក្រុង Rio de Janeiro។

សំឡេងកាំភ្លើងបានបន្លឺឡើងនៅក្នុងតំបន់ក្បែរអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងរីយ៉ូ ហើយផ្សែងហុយចេញពីភ្លើងឆេះជាច្រើន នៅរសៀលថ្ងៃអង្គារ៍ ជាច្រើនម៉ោងបន្ទាប់ពីការវាយឆ្មក់បានចាប់ផ្តើម។

ប្រជាពលរដ្ឋបានប្រជ្រៀតគ្នារកគម្រប ហើយហាងនានាបានបិទទ្វារ ខណៈដែលប៉ូលិស អះអាងថា «ក្រុមក្មេងទំនើងបានប្រើដ្រូន ដើម្បីប្រយុទ្ធតបតទៅវិញ ជាមួយកងកម្លាំងប៉ូលិស និងយោធាកំពុងបើកប្រតិបត្តិការបង្ក្រាបនេះ»។

អភិបាលរដ្ឋ លោក Claudio Castro បានពណ៌នាប្រតិបត្តិការនៅតំបន់ Complexo Da Penha និង Complexo do Alemao Favelas ថា «ជាប្រតិបត្តិការដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ»។

រដ្ឋាភិបាលកណ្តាល បាននិយាយថា ការវាយឆ្មក់មានគោលបំណងបញ្ឈប់ក្រុមក្មេងទំនើងដែលមានឈ្មោះថា “Comando Vermelho” ពីការពង្រីកខ្លួនកាត់តែធំ។
លោក Castro បានរាយការណ៍ពីចំនួនអ្នកស្លាប់នៃសមាជិកក្រុមទំនើងដែលសង្ស័យ ចំនួន ៦០នាក់ និងមន្ត្រីប៉ូលីស ចំនួន ០៤ នាក់ ក៏ត្រូវបានសម្លាប់ផងដែរ៕