ប្រទេសបារាំង នឹងតាមដានដោយយកចិត្តទុកដាក់ ចំពោះការអនុវត្តជាក់ស្តែងនូវការប្តេជ្ញាចិត្ត អនុវត្តកិច្ចព្រមព្រៀងសន្តិភាព ក៏ដូចជាការបន្តការដោះស្រាយជម្លោះព្រំដែនរវាងភាគីទាំងពីរ តាមរយៈការសន្ទនា និងដោយគោរពច្បាប់អន្តរជាតិ ជាពិសេសជំរុញឱ្យប្រទេសថៃដោះលែងទាហានកម្ពុជា ១៨នាក់ ដែលប្រទេសថៃ កំពុងឃុំខ្លួនឱ្យបានឆាប់ តាមអ្វីដែលថៃបានប្រកាសក្នុងកិច្ចព្រមព្រៀង។
យោងតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា «កម្ពុជា-ថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍សន្តិភាព នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី»។
ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ លើសេចក្តីថ្លែងការណ៍សន្តិភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយមានវត្តមានប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍រួមនេះអនុញ្ញាតឱ្យប្រទេសកម្ពុជា និងប្រទេសថៃ ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដែលមានភាពចាំបាច់សម្រាប់ស្ថិរភាពតំបន់។
ប្រទេសបារាំងវាយតម្លៃខ្ពស់ជាពិសេសចំពោះការចុះហត្ថលេខាលើល័ក្ខខ័ណ្ឌយោងសម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលនឹងអនុញ្ញាតឱ្យពន្លឿនការដាក់ពង្រាយនៅតាមមូលដ្ឋាន ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការបន្តការដោះមីន ក៏ដូចជាការប្រកាសរបស់ប្រទេសថៃ ស្តីពី “ការដោះលែងទាហានកម្ពុជា១៨នាក់ដែលប្រទេសថៃកំពុងឃុំខ្លួន”។
បារាំងបានបញ្ជាក់ថា ដោយមានទំនាក់ទំនងជាមួយដៃគូអាស៊ាន និងសហរដ្ឋអាមរិក ប្រទេសបារាំង នឹងតាមដានដោយយកចិត្តទុកដាក់ចំពោះការអនុវត្តជាក់ស្តែងនូវការប្តេជ្ញាចិត្តទាំងនេះ ក៏ដូចជាការបន្តការដោះស្រាយជម្លោះព្រំដែនរវាងភាគីទាំងពីរតាមរយៈការសន្ទនា និងដោយគោរពច្បាប់អន្តរជាតិ៕







