ថៃ៖ ផ្ទុះការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថៃយ៉ាងកក្រើកជាថ្មីម្ដងទៀត បន្ទាប់ពី លោក អានុទីន ឆានវីរ៉ាក់គុល បានចុះកិច្ចព្រមព្រៀងសម្ងាត់ស្តីពីរ៉ែកម្រ MOU ថៃ-អាមេរិក។
តាមការចេញផ្សាយដោយ Khaosod នៅថ្ងៃទី៣០ តុលា នេះបានឲ្យដឹងថា ក្រោយពេលនាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចុះកិច្ចព្រមព្រៀងស្ដីពីរ៉ែកម្រជាមួយ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ តុលា កន្លងទៅ អំឡុងពេលលោកធ្វើដំណើរទៅម៉ាឡេស៊ី ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។
ប្រជាជនថៃ រួមទាំងអ្នកការពារសិទ្ធិមនុស្សនៃបណ្តាញប្រជាជន និងម្ចាស់ក្រុមហ៊ុនរ៉ែថៃ បានផ្ទុះការតវ៉ា និងមានប្រតិកម្មមិនពេញចិត្តភ្លាមៗ ហើយពួកគេគ្រោងនឹងធ្វើដំណើរទៅដាក់លិខិតជំទាស់នឹង MOU នេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ នេះតែម្ដង នៅមុខស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសថៃ។
ចំពោះមូលហេតុដែលផ្ទុះការតវ៉ាកក្រើកប្រទេសថៃបែបនេះ ដោយក្រុមប្រតិកម្មទាំងនោះលើកឡើងថា កិច្ចព្រមព្រៀងនេះគឺ ល្មើសពីច្បាប់រ៉ែនៅប្រទេសថៃ ដែលអនុញ្ញាតឱ្យមានការត្រួតពិនិត្យពីបរទេសលើដំណើរការអនុញ្ញាតការរុករករ៉ែ។
ហើយ MOU នេះមានខ្លឹមសារលើសពីវិសាលភាពនៃច្បាប់រ៉ែរបស់ប្រទេសថៃ ព្រោះវាផ្តល់សិទ្ធិដល់ក្រុមហ៊ុនបរទេសក្នុងការ "រុករក និងផលិតរ៉ែ" ដោយឆ្លងកាត់នីតិវិធីស្តង់ដារសម្រាប់ការស្នើសុំការស្វែងរក និងអាជ្ញាប័ណ្ណរុករករ៉ែក្រោមច្បាប់ធម្មតា៕




