បាងកក៖ អគ្គនាយកដ្ឋានពាណិជ្ជកម្មថៃ បានអះអាងកាលពីថ្ងៃពុធទី២៩ តុលានេះថាបន្ទាប់ពីថៃធ្វើការបិទច្រកព្រំដែនជាមួយកម្ពុជារយៈពេល៥ខែកន្លងមកនេះ ធ្វើឲ្យទំហំពាណិជ្ជកម្ម កម្ពុជា-ថៃធ្លាក់ចុះ 99.9% គិតត្រឹមខែកញ្ញា ២០២៥នេះ។
ប៉ុន្តែយើងក្រឡែកមកនាយករដ្ឋមន្ត្រីថៃវិញលោក អនុទីន ឆានវីរៈគុល បានប្រកាន់នៅជំហររបស់ខ្លួនថា និងមិនបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញនោះទេ ប្រសិនបើកម្ពុជាមិនព្រមធ្វើតាមល័ក្ខខ័ណ្ឌនៃការទាមទាររបស់ថៃ កម្ពុជាត្រូវដកអាវុធធុនធ្ងន់ បោសសម្អាតមីន សហការគ្នាបង្រ្កាបបណ្តាញបោកប្រាស់អនឡាញ និងស្តារទំនាក់ទំនងការទូតឡើងវិញ រួមទាំងបានច្រានចោលពាក្យចចាមអារ៉ាម ថាបើកច្រកព្រំដែនឡើងវិញជាមួយកម្ពុជា នៅថ្ងៃទី1 ខែវិច្ឆិកា នេះបើតាមការសែតថៃ Khaosod ។
លោកស្រី Arada Fueangthong អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មព្រំដែន និងការដឹកជញ្ជូនថៃ បានឲ្យដឹងថា៖ ទំហំពាណិជ្ជកម្មសរុបក្នុងខែកញ្ញាមានតំលៃ ១៤១,៧ ពាន់លានបាត ( ស្មើ៣,៨ ពាន់លានដុល្លារ) ធ្លាក់ចុះ ៤,៧% បើធៀបនឹងឆ្នាំមុន។ ការនាំចេញបានធ្លាក់ចុះ 12.4% មានតំលៃស្មើ 74.9 ពាន់លានបាត ខណៈដែលការនាំចូលកើនឡើង 5.9% តំលៃស្មើ 66.8 ពាន់លានបាត។
ការធ្វើពាណិជ្ជកម្មជាមួយកម្ពុជាស្ទើរតែធ្លាក់ចុះមកត្រឹម១១លានបាត ខណៈពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ាបានធ្លាក់ចុះ ៤០% ចំពេលមានការរឹតបន្តឹងការនាំចេញប្រេង និងការគ្រប់គ្រងការនាំចូលកាន់តែតឹងរ៉ឹងដោយ Naypyitaw ។ ដោយឡែកទំហំពាណិជ្ជកម្មជាមួយម៉ាឡេស៊ី និងឡាវ បានកើនឡើង ៤,៧% និង ៨,៨% ។ ដូច្នោះទំហំពាណិជ្ជកម្មព្រំដែនសរុបធ្លាក់ចុះ ២២,២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ។
កាសែតថៃដ៏ដែលបន្តថា បើទោះបីជាមានពាណិជ្ជកម្មដឹកជញ្ជូនក្នុងតំបន់រឹងមាំក៏ដោយ ការដួលរលំនៃពាណិជ្ជកម្មព្រំដែនកម្ពុជា បានគូសបញ្ជាក់ពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃភាពតានតឹងផ្នែកនយោបាយ និងសន្តិសុខដែលកំពុងបន្តកើតមានរវាងកម្ពុជា និងថៃ ៕









