2025-11-08 10:37
10

សហភាពអឺរ៉ុប (EU) បានឯកភាពលើគោលនយោបាយថ្មីមួយ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ៩០% នៅឆ្នាំ២០៤០ បើប្រៀបធៀបនឹងកម្រិតក្នុងឆ្នាំ១៩៩០។ ទោះជាយ៉ាងណាគោលដៅនេះ មានតែ ៨៥% ប៉ុណ្ណោះដែលនឹងកាត់បន្ថយនៅក្នុងតំបន់ EU ខណៈដែល ៥% ទៀតនឹងផ្អែកលើប្រព័ន្ធកាបូនអុហ្វស៊ិតអន្តរជាតិ។

ភាពបត់បែននេះ បានជួបការរិះគន់យ៉ាងខ្លាំងពីក្រុមអភិរក្សបរិស្ថាន ដែលអះអាងថា វាជាការចុះខ្សោយនៃសកម្មភាពប្រយុទ្ធនឹងបញ្ហាអាកាសធាតុ។ ពួកគេបានព្រមានថា «ប្រព័ន្ធស្រូបកាបូនធម្មជាតិ ដូចជា ព្រៃឈើ និងវាលស្មៅ មិនបានអនុវត្តបានតាមការរំពឹងទុកទេ។ ប្រសិនបើគ្មានការកែលម្អប្រព័ន្ធទាំងនេះ គោលដៅកាត់បន្ថយអាចធ្លាក់ចុះក្រោម ៨៥% ដែលអាចប៉ះពាល់ដល់ភាពជោគជ័យនៃកិច្ចព្រមព្រៀង»។

ការសម្រេចនេះកើតឡើងក្នុងបរិបទដែលការប្តេជ្ញារបស់បណ្តាប្រទេសលើពិភពលោកនៅតែឆ្ងាយពីគោលដៅកាត់បន្ថយកម្តៅផែនដីក្រោម ១.៥ អង្សាសេ។ ការប៉ាន់ស្មានបច្ចុប្បន្នបង្ហាញថា កម្រិតក្តៅអាចឈានដល់ចន្លោះពី ២.៦ ដល់ ៣.១ អង្សាសេ នៅចុងសតវត្សនេះ ប្រសិនបើគ្មានសកម្មភាពបន្ថែម៕