វ៉ាស៊ីនតោន៖ ការបដិសេធចូលរួមកិច្ចប្រជុំកំពូល G20 ដោយសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ លោក ដូណាល់ ត្រាំ គឺជាសញ្ញាបង្ហាញពីការប្រើនយោបាយជាឧបករណ៍សម្ពាធអន្តរជាតិ។ លោក ត្រាំបានអះអាងថា អាហ្វ្រិកខាងត្បូងបានធ្វើអំពើហិង្សា និងរើសអើងប្រឆាំងនឹងកសិករស្បែកសអាហ្រ្វីកានើរ “Afrikaner” ដែលជាបញ្ហាដែលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានបដិសេធជាផ្លូវការ។
ការបង្ហាញចំណាប់អារម្មណ៍លើសិទ្ធិរបស់ជនជាតិមួយនេះអាចត្រូវបានបកស្រាយថាជាការបង្ហាញនូវគោលនយោបាយអភិរក្សជាតិសាសន៍របស់រដ្ឋបាលត្រាំ។
ផលប៉ះពាល់អន្តរជាតិ ការបដិសេធចូលរួម G20 អាចប៉ះពាល់ដល់ភាពជាដៃគូសេដ្ឋកិច្ច និងការសហការរវាងអាមេរិកជាមួយបណ្តាប្រទេសអាហ្វ្រិក។ វាអាចបង្កឱ្យមានភាពមិនជឿជាក់លើសហរដ្ឋអាមេរិក ក្នុងការចូលរួមជាដៃគូអន្តរជាតិ និងបន្ថយឥទ្ធិពលនយោបាយរបស់អាមេរិកនៅទ្វីបអាហ្វ្រិក។
ការបង្ហាញអត្តសញ្ញាណនយោបាយរបស់ លោក ត្រាំ ចំពោះការប្រើករណីអាហ្រ្វីកានើ Afrikaner ជាមូលហេតុសម្រាប់បដិសេធអាចបង្ហាញពីការបន្តនៃគោលនយោបាយ “អាមេរិកជាមុន” ដែលផ្តោតលើការពារចំណាប់អារម្មណ៍ជាតិ និងសិទ្ធិរបស់ជនជាតិដែលមានឥទ្ធិពលក្នុងសង្គមអាមេរិក។ វាក៏អាចជាការបង្ហាញចំណុចនយោបាយសម្រាប់បង្កើនការគាំទ្រពីមូលដ្ឋានអ្នកបោះឆ្នោតផងដែរ។
តាមការសេចក្ដីសន្និដ្ឋានរបស់វិភាគនយោបាយអន្តរជាតិ បានលើកឡើងថា ការបដិសេធចូលរួម G20 មិនត្រឹមតែជាការបង្ហាញនូវការមិនពេញចិត្តនយោបាយទេ ប៉ុន្តែជាការបង្ហាញអំពីការប្រើសិទ្ធិអាមេរិកក្នុងការបង្កសម្ពាធអន្តរជាតិ។ វាបង្ហាញពីការប្រកួតប្រជែងនយោបាយ និងអត្តសញ្ញាណជាតិសាសន៍ក្នុងសម័យនយោបាយសព្វថ្ងៃ។
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី០៧ ខែវិច្ឆិកានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា “លោកនឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នាឆ្នាំនេះឡើយ ដោយសារការព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សនៅអាហ្វ្រិកខាងត្បូង”។ ការប្រកាសនេះធ្វើឡើងនៅថ្ងៃ បន្ទាប់ពីលោកបានចោទប្រកាន់ថា អាហ្វ្រិកខាងត្បូងបានធ្វើអំពើហិង្សា និងរើសអើងប្រឆាំងនឹងកសិករជនជាតិស្បែកស អាហ្រ្វីកានើ Afrikaner។
លោក ត្រាំ បានអះអាងថា “វាជាការអាម៉ាសទាំងស្រុងដែល G20 នឹងត្រូវបានប្រារព្ធឡើងនៅអាហ្វ្រិកខាងត្បូង”។ លោកបានលើកឡើងពី “ការរំលោភបំពាន” លើជនជាតិស្បែកស រួមទាំងការរឹបអូសដីធ្លី និងអំពើហិង្សាផ្សេងៗ។
ដំបូង អនុប្រធានាធិបតី JD Vance ត្រូវបានរំពឹងថានឹងតំណាងឲ្យសហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំនេះ ដែលគ្រោងនឹងប្រារព្ធឡើងនៅថ្ងៃទី ២២-២៣ ខែវិច្ឆិកា ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ ទោះជាយ៉ាងណា ការធ្វើដំណើររបស់ Vance ក៏ត្រូវបានលុបចោលផងដែរ។
រដ្ឋាភិបាលអាមេរិក បានបន្តចោទប្រកាន់អាហ្វ្រិកខាងត្បូងថា “មិនបានការពារសិទ្ធិរបស់កសិករស្បែកសទេ” ទោះបីជាមន្ត្រីអាហ្វ្រិកខាងត្បូងបានបដិសេធការអះអាងទាំងនោះថា “ជាការខុសពិតក៏ដោយ”៕





