ភ្នំពេញ៖ ថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញស្តីពីវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ នៅទីស្តីការក្រសួង។ ការបង្ហាញនេះមានការចូលរួមពីសមាជិកអង្គទូតបរទេស ចំនួន ៣៩ រូប ដែលមាននិវេសនដ្ឋាននៅរាជធានីភ្នំពេញ។
ប្រមុខការទូតកម្ពុជា បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់ដែលបានព្រមព្រៀងជាមួយថៃកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ការប្តេជ្ញានេះផ្អែកលើសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលមានប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
បន្ថែមពីនេះ ការបង្ហាញក៏បានលើកឡើងពីលទ្ធផលនៃកិច្ចប្រជុំនានារបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងឆ្នាំ២០២៥ ដែលជាផ្នែកសំខាន់នៃការរួមគ្នាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា «ការដោះសំអាតមីនមនុស្សធម៌ត្រូវធ្វើឡើងដោយមិនប៉ះពាល់ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ។ ការដោះមីនត្រូវធ្វើនៅតំបន់ដែលមានការឯកភាពពីភាគីទាំងពីរ ស្របតាមនិយាមប្រតិបត្តិ (SOP) ដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥»៕





