2025-11-08 12:36
3

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាជិកក្រុមជំនួយការថ្មី ចំនួន ១៤៣ រូប ដែលស្ថិតនៅក្នុងផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល។

បន្ទាប់ពីលោក ឃុត ចាន់ដារ៉ា និង លោក ណុប រតនៈ បានអានរបាយការណ៍វឌ្ឍនភាពការងារកន្លងមក និងសេចក្តីសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការទទួលស្គាល់សមាជិកថ្មី។ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានផ្តល់សារផ្តាំផ្ញើសុខទុក្ខ និងពរជ័យពីសំណាក់សម្តេចមហាបវរធិបតី ដល់សមាជិកទាំងអស់។

បណ្ឌិតបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិកក្រុមជំនួយការដែលបានលះបង់កម្លាំង និងធនធាន ដើម្បីរួមចំណែកក្នុងការកសាងកម្លាំងយុវជននិងលើកស្ទួយស្មារតីជឿជាក់លើការដឹកនាំរបស់គណបក្ស។ លោកបានរំលឹកអំពីគោលការណ៍សំខាន់ៗរបស់គណបក្សដូចជា សិល្បៈនៃការចែករំលែក យុទ្ធសាស្ត្រឈ្នះ-ឈ្នះ និងសមូហភាពដឹកនាំ។

បណ្ឌិតបានលើកឡើងអំពីជោគជ័យនៃកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ នៅទីក្រុងគូឡាឡំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយយកភាពអត់ធ្មត់ និងយុទ្ធសាស្ត្រស្ងាត់ជាមូលដ្ឋាន។ ជោគជ័យនេះ បានជួយលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជានៅឆាកអន្តរជាតិ និងបង្កើនឱកាសពាណិជ្ជកម្ម។

មុនបញ្ចប់ ពិធីនេះបានផ្តល់អនុសាសន៍ដល់សមាជិកក្រុមជំនួយការឱ្យបំពេញការងារជាបងប្អូន ដោយគោរពវិន័យ មានឆន្ទៈ និងទទួលខុសត្រូវខ្ពស់។ 

គាត់បានអំពាវនាវឱ្យសមាជិកទាំងអស់ចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយគោរពអភិក្រម «រក្សាចាស់ បង្កើនថ្មី និងសមាជិកបក្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹក»៕