(ភ្នំពេញ)៖ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)បានឲ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញមូលនិធិចំនួន៤០លានដុល្លារបន្ថែម ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់ការប្រមូលទិញស្រូវក្នុងរដូវច្រូតកាត់ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ដើម្បីដោះស្រាយបញ្ហាធ្លាក់តម្លៃស្រូវ។
ក្នុងរដូវប្រមូលផលស្រូវនេះ តម្លៃស្រូវ មានការធ្លាក់ចុះ ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះ ដោយសារតែស្តុកអង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ២០២៤ របស់ប្រទេសមួយចំនួន បន្តប្រើប្រាស់ក្នុងឆ្នាំ២០២៥ ដែលធ្វើឱ្យតម្រូវការអង្ករនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជា និងលើសកលលោកបន្តកើនឡើង។
ឆ្លើយតបនឹងបញ្ហាធ្លាក់ថ្លៃនេះ, រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើ ការរក្សាលំនឹងថ្លៃស្រូវ និងលំនឹងជីវភាពបងប្អូនប្រជាកសិករ ដោយចាត់វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ រួមទាំងការបញ្ចេញមូលនិធិ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ឥណទាន ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូជាមួយនឹងធនាគារ ARDB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីប្រមូលទិញស្រូវតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ។
ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ, រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន ៤០ លានដុល្លារអាមេរិក បន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ៕






