ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសអំពីវឌ្ឍនភាពនៃការងារដោះមីនមនុស្សធម៌ នៅតំបន់អាទិភាពព្រំដែន កម្ពុជា-ថៃ ដោយមានការសហការជាមួយភាគីថៃក្នុងស្មារតីនៃសន្តិភាព និងសុវត្ថិភាពតំបន់។
ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា «ការងារដោះមីននឹងត្រូវអនុវត្តតាមគោលការណ៍ និងនិយាមនិតិវិធីប្រតិប្តិការ SOP ដែលបានព្រមព្រៀងក្នុងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ភាគីទាំងពីរបានបង្កើត ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ដើម្បីកំណត់តំបន់សាកល្បង និងអាទិភាពសម្រាប់ការដោះមីន។ តំបន់ដំបូងដែលត្រូវបានជ្រើសរើសស្ថិតនៅ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខ ឃុំណួនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ របស់ថៃ។
ការដោះមីនមនុស្សធម៌នឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌល CMAC និង TMAC ដោយមានការសម្របសម្រួលពី JCTF។ ការប្រតិបត្តិការណ៍ត្រូវធ្វើដោយគោរពស្ថានភាពដើម (Status Quo) និងមិនប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន។
ក្រសួងការពារជាតិបានបញ្ជាក់ថា «ការងារនេះនឹងជួយការពារជីវិតប្រជាពលរដ្ឋ និងជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ព្រំដែន។ ការសហការរវាងកម្ពុជា និងថៃត្រូវបានចាត់ទុកជាជំហានសំខាន់មួយក្នុងការបង្កើនសន្តិភាព និងស្ថិរភាពតំបន់»៕






