2025-11-09 09:08
5

កោះកុង៖ កុមារីអាយុ ៤ឆ្នាំ ដែលត្រូវហ្វូងសត្វឆ្កែហាស្គី ចំនួន ០៧ ក្បាល់ ព័ន្ធខាំហែកស៊ី ខណៈពេលដើរចេញពីសាលារៀន ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានបញ្ជាឱ្យមន្ទីរពេទ្យបង្អែកខេត្ត ចុះទៅទទួលយកក្មេងស្រី ដើម្បីព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត។

ក្រោយទទួលបានដំណឹងនេះភ្លាម លោកស្រី ឈី វ៉ា អភិបាលខេត្តបានឆ្លៀតពេលទាំងយប់ចុះមកសួរសុខទុក្ខកុមារីដែលត្រូវសត្វឆ្កែ ចំនួន ០៧ ក្បាលព្រួតគ្នាខាំ ដល់មន្ទីរពេទ្យ និងបានណែនាំដល់គ្រូពេទ្យ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពជំងឺកុមារីឱ្យបានដិតដល់។

កុមារីរងគ្រោះ មានឈ្មោះ ឌី ដានីន អាយុ ៤ឆ្នាំ រស់នៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ត្រូវបានឆ្កែហាស្គី ចំនួន ០៧ ក្បាលព្រួតគ្នាខាំ បង្ករឱ្យមានរបួសធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្តកោះកុងទៅទទួលយកតាមរថយន្តសង្គ្រោះ មកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ 

កុមរីរងគ្រោះទទួលបានការថែទាំព្យាបាលយ៉ាងយកចិត្តទុកដាក់របស់ ក្រុមគ្រូពេទ្យ ជាពិសេសការយកចិត្តទុកដាក់ប្រកបដោយព្រហ្មវិហាធម៌ និងតាមដានជាប្រចាំរបស់លោកស្រីអភិបាលខេត្តតែម្តង។

ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ស្ថានភាពរបស់គាត់នៅពេលនេះ មានសភាពបានប្រសើរបន្តិចហើយ និងកំពុងសម្រាកបន្តការតាមដាន និងថែទាំ ព្យាបាល យ៉ាងយកចិត្តទុកដាក់បំផុត នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕