2025-11-09 09:40
5

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានបន្តអំពាវនាវឲ្យភាគីថៃដោះលែងវីរកងទ័ពខ្មែរ ចំនួន ១៨ នាក់ ដែលត្រូវបានចាប់ខ្លួន និងស្ថិតក្រោមការឃុំខ្លួនរយៈពេល ១០៣ ថ្ងៃមកហើយ។ 

ការអំពាវនាវនេះមានគោលបំណងឲ្យពួកគាត់អាចវិលត្រឡប់មកជួបជុំគ្រួសារវិញ និងប្រកបដោយសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា មិនដែលបោះបង់កងកម្លាំងរបស់ខ្លួនទេ ទោះក្នុងស្ថានភាពណាក៏ដោយ។ ការខិតខំប្រឹងប្រែងតាមយន្តការផ្លូវការទាំងអស់ កំពុងបន្តដើម្បីដោះស្រាយករណីនេះឲ្យបានឆាប់រហ័ស និងដោយសន្តិភាព»។

ករណីនេះ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងក្នុងសង្គមខ្មែរ និងជាឥទ្ធិពលដល់ទំនាក់ទំនងអន្តរជាតិ។ ប្រជាពលរដ្ឋ និងសមាជិកគ្រួសាររបស់វីរកងទ័ពទាំង១៨នាក់ កំពុងរងចាំការដោះស្រាយជាផ្លូវការដោយមានសេចក្ដីសង្ឃឹមថាពួកគាត់នឹងត្រឡប់មកវិញឆាប់ៗនេះ។

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ធ្លាប់បានអះអាងថា «ភាគីថៃសន្យាដោះលែងទាហានខ្មែរបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅចុងខែតុលា កន្លងមក នៅប្រទេសម៉ាឡេស៊ី។ 

ក្នុងកិច្ចប្រជុំចតុភាគីរវាង កម្ពុជា–ថៃ–ម៉ាឡេស៊ី–អាមេរិក ក៏បានជម្រុញដល់ការដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរដោយសន្តិវិធី និងការដោះលេងយោធាខ្មែរឱ្យបានឆាប់រហ័ស»។

ប៉ុន្តែ ទោះបីជាមានការសន្យាបែបនេះ និងមានការជំរុញពីសំណាក់សហគមន៍អន្តរជាតិ ក៏ភាគីថៃ មិនទាន់ដោះលេងដែរ យើងរងចាំមើលការសន្យាចុងរបស់ថៃ ថានឹងដោះលេងកម្លាំងយោធាខ្មែរទាំង១៨នាក់ នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ស្អែកនេះ តែមិនទាន់ជឿជាក់ទាំងស្រុងនោះទេ៕