ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នាជំនួបនោះ កម្ពុជា-សាធារណរដ្ឋកូរ៉េ បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោក Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យ លោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។
ជាការឆ្លើយតប សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកយ៉ាងសកម្មដល់ការស្ដារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ឱ្យមានភាពរីកចម្រើន។ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ គឺជាកត្តាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជាមួយគ្នានេះ, សម្ដេចបវរធិបតី ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ។ សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា «សុខសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនកូរ៉េ ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា ក៏ជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា»។
សម្ដេចបវរធិបតី និងលោករដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំ លើវិស័យសំខាន់ៗមួយចំនួន រួមមានជាអាទិ៍៖ សេដ្ឋកិច្ច, ការវិនិយោគ, ពាណិជ្ជកម្ម, ការពារជាតិ និងសន្តិសុខ, ឧស្សាហកម្ម, ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់សហគ្រាសកូរ៉េ, ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងការជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ សម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕






