2025-11-04 13:29
18

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយ លោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប សម្ដេចធិបតី និងគណៈប្រតិភូសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែស៊ីជម្រៅ នៅក្នុងវិស័យគន្លឹះ ជាពិសេស វិនិយោគ និងពាណិជ្ជកម្ម បន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ។ 

លោកឧបការី ក៏បានពិភាក្សាជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី អំពីការតាមដានការអនុវត្ត នៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខាដោយសម្តេច និងលោក Anutin Charnvirakul នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី២៦ ខែតុលា ដោយមានការចូលរួមធ្វើជាសាក្សីពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និង លោកនាយករដ្ឋមន្រ្តី Anwar Ibrahim នៃប្រទេសម៉ាឡេស៊ី។ 

ជាមួយគ្នានោះ សម្ដេចបវរធិបតី បានគូសបញ្ជាក់យ៉ាងច្បាស់ថា «កម្ពុជា ប្ដេជ្ញាអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមនេះ ដោយពិតប្រាកដ និងដោយស្មោះត្រង់ ក្នុងបំណងធ្វើយ៉ាងណាធានាបាននូវសុខសន្តិភាព និងស្ថិរភាព រវាងកម្ពុជា-ថៃ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ដែលមានសុខសន្តិភាព និងការអភិវឌ្ឍ នាពេលបច្ចុប្បន្ន និងអនាគត»។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចបវរធិបតី ក៏បានបញ្ជាក់ជូនគណៈប្រតិភូសហរដ្ឋអាមេរិកអំពីការវាយតម្លៃខ្ពស់ និងអរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមរិក ជាពិសេស លោកប្រធានាធិបតី Donald J. Trump ដែលខិតខំស្វះស្វែងបង្កើតឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកក្កដា និងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ ជាមួយនឹងការពេញចិត្ត និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាជនកម្ពុជាចំពោះលោកប្រធានាធិបតី Donald J. Trump កម្ពុជា បានគាំទ្របេក្ខភាពលោកប្រធានាធិបតី សម្រាប់ពានរង្វាន់ណូបែលសន្តិភាពផងដែរ៕