2025-11-13 10:35
19

ពោធិ៍សាត់៖ កងទាហ៊ានថៃ បានចល័តរថពាសដែក ចំនួន ០២ គ្រឿង និងកម្លាំងថ្មើរជើង ១០នាក់ ចូលមករាយបន្លាលួសថ្មី ចំងាយប្រហែងជាង ៣០០ ម៉ែត្រ នៅទល់មុខប៉ុស្តិ៍ស្ពានជ័យជំនះ «ច១» និងដាក់គ្រឿងចក្របន្ថែម ០១ គ្រឿងទៀត ដើម្បីឈូសឆាយទីតាំងឈូសឆាយចាស់ ចំងាយប្រហែង ១០០ ម៉ែត្រ ទល់មុខប៉ុស្តិ៍អូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មាន បានរាយការណ៍ថា នៅវេលាម៉ោង ៦និង១៤នាទី ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា កងទាហានថៃ បានចល័តរថពាសដែក ចំនួន ០២ គ្រឿង និងកម្លាំងថ្មើរជើង ចំនួន ១០ នាក់ ចូលមករាយបន្លាលួសថ្មី នៅទល់មុខប៉ុស្តិ៍ស្ពានជ័យជំនះ ហៅ «ច១» ដែលមានចម្ងាយប្រមាណ ៣០០ ម៉ែត្រ ពីប៉ុស្តិ៍ច១ ត្រង់និយាមកា TU(51414,52238) និងរាវមីនបរិវេណក្រោយបន្លាលួស ដែលជាចំណុចមិនទាន់ច្បាស់លាស់។

នៅវេលាម៉ោង ៩និង៤៥នាទី ព្រឹកថ្ងៃខែដដែល ទាហ៊ានថៃ បានចល័តរថពាសដែក ចំនួន ០២ គ្រឿង និងគ្រឿងចក្រ ០១ គ្រឿង (អេស្កាវ៉ាទ័រ) អមដោយកម្លាំងថ្មើរជើង ចំនួន ១៥នាក់ ចូលមុខចំណុច អូរភ្លុកដំរី (កន្លែងថៃឈូសឆាយចាស់) មានចំងាយប្រមាណ ១០០ ម៉ែត្រ ទល់មុខកងនគរបាលព្រំដែនកម្ពុជា ដែលឈរជើងនៅទីនោះ។ នៅវេលាម៉ោងប្រមាណ ១០និង២១នាទី ទាហ៊ានថៃ បានបន្ថែមគ្រឿងចក្រ ០១ គ្រឿងទៀត (អេស្កាវ៉ាទ័រ) ចូលមកកាយលេដ្ឋានឱ្យរថពាសដែកវា នៅទល់មុខប៉ុស្តិ៍ច១ ត្រង់និយាមកាTU(51306,52267)។

តាមប្រភពដដែលបានឱ្យដឹងទៀតថា វេលាម៉ោងជាង ១១ព្រឹក កម្លាំងនគរបាលការពារព្រំដែន និងយោធាកម្ពុជា បានជួបជជែកជាមួយភាគីថៃ មេកងរយ ៥៣៤ ដែលកំពុងធ្វើសកម្មភាពទាំងនោះ ដោយបានស្នើឱ្យភាគីថៃផ្អាករាល់សកម្មភាពទាំងអស់របស់ថៃ ព្រោះជាភូមិសាស្រ្តដែលមិទាន់ច្បាស់លាស់។ ប៉ុន្តែភាគីថៃ បានបញ្ជាក់ថា “ជាបទបញ្ជារបស់មេ” គេមិនអាចបញ្ឈប់បានទេ ព្រមទាំងបញ្ជាក់ទៀតថា “គេពុំមានពេលជជែក” ទៀតទេ ព្រោះថ្នាក់លើគេចុះត្រួតពិនិត្យរួចកបែកគ្នា។

សូមបញ្ជាក់ថា រាល់សកម្មភាពរបស់យោធាថៃ ចល័តរថពាសដែក និងកម្លាំង ព្រមទាំងដាក់គ្រឿងចក្រថែបនេះ មិនទាន់មានការរំលោភចូលអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឡើយ គ្រាន់តែចូលក្នុងតំបន់ទល់មុខប៉ុស្តិ៍របស់កងកម្លាំងរបស់កម្ពុជាយើងតែប៉ុណ្ណោះ។ ចំពោះសភាពការមានការស្ងប់ស្ងាត់ធម្មតា មិនមានភាពតានតឹងនោះទេ៕