បន្ទាយមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ០៧និង៥៨នាទី ក្រសួងការពារជាតិកម្ពុជាំ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុន មង្គលបុរី ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជា ដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហារ របស់យោធាថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកនេះ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញ យោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ ចំនួន ០២លើក។ លើកទី១ វេលាម៉ោងប្រមាណ ១៥និង៥០នាទី និងលើកទី២ វេលាម៉ោង ១៧និង៥៤នាទីល្ងាច នៅក្នុងតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កឱ្យជនស៊ីវិល ចំនួន ០៣ រូប និង ចំនួន ០១ រូប បានទទួលមរណភាព។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
ក្រោយយោធាថៃ បើកការបាញ់ប្រហារសារជាថ្មីលើជនស៊ីវិលកម្ពុជា បណ្តាលឱ្យបាត់បង់ជីវិតម្នាក់ និងរបួស៣នាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ និងបានចាត់ទុក ទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការគណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC។
សម្តេចនាយករដ្ឋមន្ត្រី បានស្នើឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ និងស្នើឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋរបស់យើង ជាពិសេស ត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់ ឱ្យបានជាដាច់ខាត។
កម្ពុជា នៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញឱ្យបានឆាប់រហ័ស៕_1763005005.jpg)








