ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសហគ្រិនភាពកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ «ទស្សនៈឆ្នាំ ២០៣០៖ វិនិយោគ ដើម្បីអនាគត» និងពិធីសម្ពោធជាផ្លូវការ «យុទ្ធនាការ ១០០សហគ្រិ្ ១០០ស្លាកសញ្ញាខ្មែរ» ដែលប្រារព្ធធ្វើឡើងនៅ រោងភាពយន្ត Legend Olympia Mall រាជធានីភ្នំពេញ។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាសមាគម ភ្ញៀវកិត្តិយស និង ដៃគូសហការប្រមាណ ២៥០ នាក់។
ឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងអំណរគុណជូនចំពោះ លោក ហ៊ុនម៉ានី ដែលឯកឧត្តមតែងតែគាំទ្រ និងលើកទឹកចិត្តដល់សមាគមជាបន្តបន្ទាប់ ជាពិសេស តាមរយៈសកម្មភាពដែលលោកដឹកនាំរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលខ្មែរ» ដែលបានក្លាយជាកត្តាជំរុញទឹកចិត្តដល់សមាគមឱ្យផ្តួចផ្តើមគម្រោង ១០០សហគ្រិន ១០០សញ្ញាខ្មែរនេះឡើង។
ថ្លែងទៅកាន់អង្គពិធី លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងលះបង់កម្លាំងកាយចិត្ត ក្នុងសកម្មភាពការងារផ្ទាល់របស់សមាគម ក៏ដូចជាអាជីវកម្មផ្ទាល់រៀងៗខ្លួនរបស់សមាជិក សមាជិកា ដែលបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់វិស័យធុរកិច្ចជាតិផងដែរ។ ទន្ទឹមនឹង នេះលោកក៏បានចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងដល់យុទ្ធនាការ “១០០ សហគ្រិន ១០០ ស្លាកសញ្ញាខ្មែរ” ដែលជាការបង្ហាញពីសមត្ថភាពកូនខ្មែរក្នុងការបង្កើតផលិតផល និងម៉ាកសញ្ញាដែលនឹងមិនត្រឹមតែបម្រើដល់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ តែក៏នឹងនាំយកផលិតផលនេះទៅលើឆាកអន្តរជាតិផងដែរ ។
សូមជម្រាបជូនថា កម្មវិធីនេះត្រូវបានរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដែលជាសមាជិកមួយនៃសមាគមសហគ្រិនវ័យក្មេងអាស៊ាន (AYEA) ក្នុងភាពជាដៃគូជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងOlympia Mall ព្រមទាំង Apsara Media Services (AMS)។ កម្មវិធីមានគោលបំណងប្រមូលផ្ដុំសហគ្រិន ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគប្រមាណ ២,០០០ នាក់ ពីវិស័យផ្សេងៗ ដើម្បីជួបជុំ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាជីវកម្ម និងរួមគ្នាគាំទ្រស្មារតីអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕





